កុំឲ្យពិបាកសម្រេចចិត្ត! ទាំងនេះជាភាពខុសគ្នាខាងក្រៅរវាង Ranger Wildtrak Vs XLT ដែលអ្នកគួរដឹង
- 2022-06-17 09:15:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យពិបាកសម្រេចចិត្ត! ទាំងនេះជាភាពខុសគ្នាខាងក្រៅរវាង Ranger Wildtrak Vs XLT ដែលអ្នកគួរដឹង
ចន្លោះមិនឃើញ
ទីផ្សាររថយន្តទ្រុងដឹក ឬ Pick up កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងនោះយើងឃើញថាថ្មីៗនេះមានក្រុមហ៊ុនមួយនាំយករថយន្ត Pick Up ពីរម៉ូឌែលគឺ Ford Ranger Wildtrak និង Ford Ranger XLT ដែលមានរូបរាង និងលក្ខណៈសម្បត្តិខុសគ្នាមួយចំនួន ជាពិសេសនោះគឺតម្លៃខុសគ្នា ដែលធ្វើឲ្យប្រិយមិត្តដែលកំពុងរកទិញពិបាកសម្រេចចិត្ត។ ថ្ងៃនេះ Sabay នឹងបង្ហាញនូវចំណុចមួយចំនួនរបស់រថយន្តទាំងពីរមកបង្ហាញជូនប្រិយមិត្ត។
ចំណុចខុសគ្នាទាំងនោះមានដូចជា៖
១. ផ្នែកខាងមុខ
នៅត្រង់ផ្នែកខាងមុខ ដែលនាំភ្នែកឲ្យមើលឃើញមុនគេនេះគឺជាចំណុចខុសគ្នាដំបូងរបស់រថយន្តនេះ។ ចំពោះ Wildtrak ត្រូវបានរំលេចដោយកាងពីរពណ៌ មើលមកអង់អាច ជាងម៉ូឌែល XLT ដែលឌីហ្សាញមកមានតែពណ៌សមួយប៉ុណ្ណោះ។ មិនត្រឹមតែខុសពណ៌ សូម្បីតែរចនាបទកាងផ្ទាល់ក៏ខុសគ្នាបន្តិចផងដែរ។
បើចូលឲ្យកៀកយើងនឹងឃើញថាសំណាញ់ប៉ាណាមុខក៏ខុសគ្នាដែរ ដោយ Wildtrak ជាប្រភេទសំណាញ់រាងជាសំបុកឃ្មុំឯ XLT វិញជាប្រភេទគ្រាប់ៗផុសឡើងលើ។
ចំណែកចង្កៀងវិញ ក្រលែកមួយភ្លែតអាចនិយាយថាស្រដៀងគ្នា ប៉ុន្តែជាក់ស្តែងនៅលើ wildtrak បំពាក់ដោយអំពូលឆ្លាតវៃ អាចទម្លាក់ហ្វាកូដអូតូ នៅពេលមានឡានមកបញ្ច្រាស់ទិញ។ ដោយឡែកនៅលើ XLT ជាប្រភេទអំពូលធម្មតា។ យ៉ាងណាក៏ដោយវាទាំងពីរសុទ្ធែតមានបំពាក់អំពូលបំភ្លឺពេលថ្ងៃរាងអក្សរ C ដូចគ្នា។
២. ផ្នែកដំបូល និងកាងទ្រុងក្រោយ
ក្រលែកមកមើលផ្នែកខាងលើ Wildtrak បានរំលេចដោយកាងលើដំបូល ២ ជួរស្របតាមបណ្តោយដំបូលឡាន ខុសពី XLT ដែលមានដំបូលរាបស្មើរ។
ផ្នែកចំហៀង Wildtrak ឈ្នះ XLT ត្រង់មានកាងមកស្រាប់តែម្តង ដែលកាងនេះគេហៅថា Roll bar។ ប៉ុន្តែទោះជា XLT មិនមានបំពាក់មកស្រាប់ក្តី ប៉ុន្តែ Ford បានទុកចន្លោះស្រាប់ ក្នុងករណីប្រិយមិត្តដូរចិត្តនៅថ្ងៃមុខ ហើយចង់បំពាក់បន្ថែម។
៣. ផ្នែកខាងក្រោយ
អ្វីដែលចាប់អារម្មណ៍មុនគេនោះគឺ អំពូលក្រោយតែម្តង វាមានរូបរាងខុសគ្នាសឹងទាំងស្រុងដោយ Wildtrak ជាប្រភេទ LED មានការរចនាទាន់សម័យអមដោយស៊ុមពណ៌ខ្មៅក្រិប ហើយ XLT ជាប្រភេទអំពូលធម្មតា ស្រដៀងនឹងម៉ូឌែលឆ្នាំ ២០២២នោះដែរ។
កាងការពារខាងក្រោម XLT ប្រើពណ៌ដូចគ្នានឹងតួរថយន្ត ចំណែក Wildtrak រំលេចពណ៌ខ្មៅ ប៉ុន្តែមានបំពាក់មកដោយសេនស័រជំនួយចូលចតដូចគ្នា។
ផ្នែកចំហៀងនៃកាងវិញ ហាក់ចំលែកបន្តិច ដោយ Wildtrak បំពាក់មកដោយឈ្នាន់ជាន់ឡើងទៅលើទ្រុងក្រោយសម្រាប់ងាយស្រួលយកអីវ៉ាន់ ផ្ទុយទៅវិញ XLT គឺមិនបានបំពាក់មកនោះទេ។
ចំណែកកង់វិញ មានទំហំអង្កត់ផ្ចិតដូចជា គ្រាន់តែនៅលើ Wildtrak បំពាក់កង់ ១៨អ៊ីញ សំបកស្តើង 255/65 R18 និងនៅលើ XLTបំពាក់កង់ 255 70 R17។
ខាងលើនេះគឺជាចំណុចខុសគ្នារវាងម៉ូឌែលទាំងពីរ ចុះប្រិយមិត្តវិញ ស្រឡាញ់ និងចូលចិត្តមួយណាជាង? សម្រាប់បច្ចេកវិទ្យាខាងក្នុងខុសគ្នាបែបណានោះ យើងនឹងចុះនាលេខក្រោយៗទៀត៕