ឡាន​ថ្លៃជាងគេ​នៅ​ពិព័រណ៌ប្រទេសថៃ ការពិត​មាន​ចំណុចកប់ខ្លាំង​បែបនេះសោះ

  • 2022-03-31 07:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិព័រណ៌យាន​យន្ត​ Bangkok International Motor Show 2022 នៅប្រទេសថៃ បាន​ក្លាយ​ជាជម្រុក​ប្រមូលផ្តុំ​រថយន្ត​ថ្មីៗទំនើប​ជាច្រើន​របស់​ក្រុមហ៊ុន​ល្បីៗ មានទាំងរថយន្តសាំងសុទ្ធ Hybrid និង​ជាពិសេស​រថយន្តអគ្គិសនី។ ក្នុងនោះ​មាន​រថយន្ត​មួយម៉ូដែល​ដែល​ទំនង​ជាថ្លៃជាងគេ​ដែល​ត្រូវបាន​ដាក់តាំង​ក្នុងព្រឹត្តិការណ៍​នេះ គឺ​ជារថយន្ត Brabus 800 Adventure XLP តម្លៃ​ជាង ៧៣ម៉ឺនដុល្លារ។

រថយន្ត​នេះ ត្រូវបាន​អភិវឌ្ឍដោយផ្អែក​តាម​ Mercedes-AMG G 63 ប៉ុន្តែ Brabus 800 Adventure XLP ត្រូវបាន​ផ្លាស់ប្តូរផ្នែកខាងក្រោយទៅជាប្រភេទភីកអាប់​មានគ្រែដឹក ប្រវែង ២០៥មម។

ការឌីហ្សាញ​រូបរាង​ខាងក្រៅ​របស់រថយន្ត​ដ៏មាន​តម្លៃ​ថ្លៃនេះ គឺ​មានលក្ខណៈបែប off-road តែម្តង កាង​ខាងមុខធ្វើឡើង​ជាពិសេស​ពី​សារធាតុកាបូន និង​មាន​គម្រប​ខាងក្រោម​ការពារម៉ាស៊ីន និង​ប្រអប់លេខ ឈ្នាន់​ជើង​ចុច​សងខាងជាដើម។

ផ្នែកខាងក្នុងត្រូវបាន​ឌីហ្សាញ​បែប​ unique តែម្តង ដោយ​កៅអីពូកស្បែក​ពិសេសពណ៌ត្នោត​មាន​ថ្នេរ រួមជាមួយ​គ្រឿង accessory របស់ Brabus ក្នុង​កាប៊ីន​រថយន្ត​ដូចជា ឈ្នាន់​អាលុយមីញ៉ូម, steering wheel gearshift paddle, ប៊ូតុង​ចាក់សោទ្វារ ជាពិសេស​ឡូហ្គូ Brabus អាចផ្លាស់ប្តូរពណ៌ទៅតាម​ភ្លើង​ក្នុងរថយន្ត ambient light ទៀតផង។

រថយន្ត​នេះ ប្រើម៉ាស៊ីន​សាំង Biturbo V8 ចំណុះ ៤,០លីត្រ ជាមួយនឹង​ PowerXtra B40S ដែល​ផលិតបាន​កម្លាំង​ដ៏ខ្លាំង​សរុប ៨០០​សេះ និង​កម្លាំង​រមួល ១០០០​ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ប្រើពេល ៤,៨វិនាទី និង​អាចជាន់កប់ដល់ល្បឿនអតិបរមា ២១០គ.ម/ម៉។ មិនតែប៉ុណ្ណោះ វាបាន​បន្ថែម​ប្រព័ន្ធបញ្ចេញផ្សែងបែបស្ព័រ​ អភិវឌ្ឍដោយ Brabus ផ្ទាល់​តែម្តង៕

អត្ថបទ៖ សំភី