រឿងងាយៗ! ត្រូវធ្វើក្រោយពេលជិះឡានកាត់ទឹកភ្លៀង តែប្រហែសប្រយ័ត្នរត់រកជាង

  • 2022-05-18 02:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពេល​​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃជាប់​គ្នា បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​នូវ​ជំនន់​ទឹក​​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន រួម​ទាំង​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ផង​ដែរ។ កត្តា​នេះ​ហើយ​​បានធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​រថយន្ត​ជា​ច្រើន​បាន​ទទួល​រង​ការ​ខូច​ខាត់។ ដូច​នេះ​បើ​សិន​ជា​អ្នក​ចង់​ថែ​ទាំ​ឡាន​ឲ្យ​បាន​ល្អ​អ្នក​ជំនាញ​រថយន្ត​បាន​ណែនាំ​វិធីសាស្រ្ត​ថែទាំ​រថយន្ត​សាមញ្ញ នៅពេល​ដែលអ្នក​ជិះកាត់​ទឹកឬក៏ភ្លៀងខ្លាំង ជៀសវាង​ខាត​​​ប្រាក់កាស​ជួសជុល​រថយន្ត​ខូច​រដូវ​ភ្លៀង។

ប្រព័ន្ធហ្វ្រាំង

ហ្វ្រាំងគឺ​ជា​ប្រព័ន្ធ​មួយ​ដ៏​សំខាន់​ដូច​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​មាន​នូវ​ក្នុង​តារាង​ត្រួត​ពិនិត្យ​រថយន្ត។រឿង​សំខាន់​ដំបូង​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​នោះ គឺ​​ពិនិត្យ​និង​លាង​ហ្វ្រាំង​ឡាន។ បន្ទាប់​ពី​ជិះ​ហាល​ភ្លៀង​ អ្នក​ត្រូវ​យក​ទឹក​ស្អាត​បាញ់​លាង​ឡាន​ឬ​ផ្នែក​ហ្វ្រាំង​ឲ្យ​បាន​ស្អាត ដើម្បី​ការពារ​កុំ​ឲ្យ​ច្រេះ​បណ្ដូល​ហ្វ្រាំង និង​ស្ងួត​ខ្លាញ់​ហ្វ្រាំង នាំ​ឲ្យ​ចាប់​ស្អិតៗ ដោយ​សារ​ទឹក​ភ្លៀង​អាស៊ីត។ អ្នក​គួរ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​ដោយ​ជាង​ជំនាញ​នូវ​យានដ្ឋាន​ដើម្បី​ធានា​ថា​ស្បែក​ហ្វ្រាំង​នៅ​មាន​កម្រាស់​ក្រាស់​និង​មិន​ខូច​គុណភាព។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផង​ដែរ។

ម៉ាស៊ីន​ត្រជាក់

ត្រូវ​បិទ​ម៉ាស៊ីន​ត្រជាក់​ហើយ​បើក​កញ្ចក់​តូច​ល្មម​ដើម្បី​ឲ្យ​ខ្យល់​ចូល​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ភ្លៀង​ខ្លាំង។ ធ្វើ​ដូច្នេះ ដើម្បី​ការពារ​កង្ហារ​ម៉ាស៊ីន​ត្រជាក់​ឆេះ ដោយ​សារ​ទឺក​ភ្លៀង​លិច​ផ្លូវ​ជ្រៅ។ ម្យ៉ាង​ទៀត អ្នក​ក៏​មិន​ត្រូវ​បើក​ឡាន​លឿន​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ខ្លាំង​ដែរ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ម៉ាស៊ីន​ត្រជាក់។

  ពិនិត្យ​មើល​ផ្លិតទឹក

ភ្លៀង​អាស៊ីត​រួម​នឹង​កម្តៅ​អាច​ធ្វើ​ឲ្យ​ផ្លិត​កញ្ចក់​ឆាប់​រឹង​និង​ងាយ​បាក់ ហេតុ​ដូចនេះ​អ្នក​ត្រូវ​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​​និង​ឧស្សាហ៍​ឲ្យ​ជាង​ដាក់​ទឹក​ថ្នាំ​ផ្លិត។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រតិបត្តិការ​ផ្លិត​ទឹក​មុខ​ក្រោយ ជៀស​វាង​មាន​ការ​រហែក​ជ័រ​បក់​ទឹក ឬ​ផ្លិត​ទឹក​មិន​ដំណើរ​ការ​ប្រក្រតី​ទៅ​តាម​ចលនា​លឿន​យឺត​ជា​ដើម។

ត្រួត​ពិនិត្យ​ផ្នែក​ខ្សែពាន​រថយន្ត

ដោយសារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុ​នេះ​ហើយ​ប្រសិន​បើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំងអស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យ​មាន​ភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែ​ពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

ត្រួតពិនិត្យ​អាគុយរថយន្ត

អ្នក​គួរ​ពិនិត្យ​នៅ​លើ​ក្បាល​អាគុយ ប្រសិន​បើ​ក្បាល​អាគុយ​មាន​ស្នឹម អ្នក​គួរ​យក​ទឹក​ក្ដៅ​មក​លាង​សំអាត​ត្រង់​កន្លែង​ដែល​មាន​ស្នឹម ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពេល​បញ្ឆេះ​រថយន្ត។ ម្យ៉ាង​ទៀត គួរ​ពិនិត្យ​កម្រិត​អាស៊ីដ​ក្នុង​អាគុយ បើ​កម្រិត​អាស៊ីដ​ឡើង​ខ្ពស់​នោះ​បញ្ជាក់​ថា​ដល់​ពេល​ប្ដូរ​អាគុយ​ថ្មី​ហើយ។

  ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​បើកបរ​លឿន​ពេក​នៅ​ពេល​ភ្លៀង

បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ដែល​បាន​រៀបរាប់​ខាង​លើ អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​នៅ​រដូវ​ភ្លៀង។ អ្នក​មិន​ត្រូវ​ចាប់​ហ្វ្រាំង​បន្ទាន់​ភ្លាមៗ​នោះ​ទេ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជានិច្ច។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​រក្សា​លំនឹង​កង់​ជៀសវាង​ការ​រអិល។ អ្នក​គួរ​បើកបរ​នៅ​ជួរ​កណ្ដាល​នៃ​ផ្លូវ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់ ផ្នែក​សង​ខាង​ផ្លូវ​តែង​មាន​ទឹក​លិច។

ក្រៅ​ពី​ចំណុច​ចម្បង​ខាង​លើ សំបក​កង់​ក៏​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ការ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​ដែរ។ ការ​ត្រួត​ពិនិត្យ​សំបក​កង់​មិន​សំដៅ​តែ​លើ​សំពាធ​កង់​មួយ​មុខ​នោះ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​កាលបរិច្ឆេទ​នៅ​លើ​សំបក​កង់ ប្រសិន​បើ​សំបក​កង់​រថយន្ត​ផុត​ថ្ងៃ​ហួស​កំណត់​អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម​ទោះ​បី​ជា​ក្រឡា​កង់​នៅ​មាន​កម្រាស់​ក្រាស់​ក៏​ដោយ។

មួយ​វិញ​ទៀត អ្នក​ត្រូវ​ពិនិត្យ​មើល​កម្រិត​នៃ​កម្រាស់​សំបក​កង់​ដែល​បាន​កំណត់​ដោយ​រោងចក្រ​ផ្ទាល់ ថា​ដល់​ពេល​ដែល​គួរ​ប្ដូរ​សំបក​កង់​ ឬ​នៅ។ ដើម្បី​ធានា​ថា​សំបក​កង់​មិន​ទាន់​សឹក​ក្រឡា​ខ្លាំង នាំ​ឲ្យ​រអិល​ពេល​ជិះ​លើ​ផ្លូវ​កៅស៊ូ​ខណៈ​កំពុង​​មាន​ភ្លៀង​ អ្នក​ជំនាញ​ក៏​បាន​ណែនាំឲ្យអ្នក​ទៅរកការ៉ាស់ជំនាញទើបជាការប្រសើរ៕

អត្ថបទ៖ ម៉េងងី