Highlander 2023 ចេញហើយ តែ​បងប្អូនខ្លះ​អាចខកចិត្តខ្លាំង​ចំពោះ​ម៉ាស៊ីនថ្មីរបស់វា

  • 2022-05-12 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ SUV ធុនកណ្តាល​របស់ Toyota ដែលទទួល​បាន​ការពេញ​និយម​ខ្លាំង​រយៈពេល​ជាច្រើនឆ្នាំ​មកហើយនោះ ពេលនេះ​គឺ​វា​ចេញ​ស៊េរីថ្មីទៀតហើយ ពោលគឺជា Toyota Highlander ឆ្នាំ​២០២៣ ដែល​រក្សារូបរាងដដែល ប៉ុន្តែមក​ជាមួយ​ម៉ាស៊ីន​ថ្មី ដែល​ជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល​បំផុត។

ម៉ាស៊ីនចាស់​វស្សា V6 ចំណុះ ៣,៥លីត្ររបស់ Highlander ពេលនេះ​ត្រូវបាន​ជំនួសមកវិញ​ដោយ​ម៉ាស៊ីនតូចជាងមុនតែបំពាក់​បច្ចេកវិទ្យាថ្មីនោះគឺ ម៉ាស៊ីនទាក់បូ V4 ចំណុះ ២,៤លីត្រ។ កាន់តែខកចិត្ត បច្ចេកវិទ្យា​ទាក់បូនេះ មិនបាន​ជួយ​ជំរុញ​កម្លាំងសេះបានខ្លាំងជាងមុននោះទេ ពោលគឺ​ផលិតបាន​ត្រឹមតែ ២៦៥សេះ បើប្រៀបធៀបនឹង​ម៉ាស៊ីនមុនដែល​ផលិត​បានកម្លាំងរហូតដល់ ២៩៥សេះ។ តែយ៉ាងណា វាមានកម្លាំងរមួលធំជាងមុន។ កម្រិតស៊ីសាំងប្រហែល ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

ចំណែក​ផ្នែក​ខាងក្នុងវិញ គឺ​វាបំពាក់បច្ចេកវិទ្យាថ្មី ដោយ​កុងទ័រ ៧អ៊ីញពីមុន ជំនួសដោយ​កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ។ កុងទ័រថ្មីនេះដែរ គឺ​មានបង្ហាញនូវMode ដូចជា Casual, Smart, Tough និង Sporty។ ចំណែក​ប្រព័ន្ធ​កម្សាន្ត Touchscreen វិញ​ក៏មាន​ទំហំ​ដល់ ១២,៣អ៊ីញ សម្រាប់ option ខ្ពស់ តែបើ option ទាប​ដូចជា XLE និង XSE មាន​ Touchscreen ទំហំតែ ៨អ៊ីញ​ប៉ុណ្ណោះ។ វាមានចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរ​ចំពោះ Touchscreen នេះ គឺ​វាភ្ជាប់មកជាមួយ​ប្រព័ន្ធ Toyota Audio Multimedia system ដែល​បំពាក់នៅលើ Tundra 2022។

ចំណុច​ខកចិត្ត​មួយទៀត​របស់ Highlander ស៊េរីថ្មីនេះដែរ គឺ​វាបំពាក់​ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ពោលគឺមិនមែន 3.0 ដូច​រថយន្តស៊េរីឆ្នាំ​២០២៣មួយចំនួនទៀតរបស់ Toyota ឡើយ។ ប្រព័ន្ធទាំងនោះមានដូចជា ប្រព័ន្ធឱ្យសញ្ញាព្រមាន​ដែល​នឹង​អាចប៉ះទង្គិចគ្នា​នៅខាងមុខ, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូ, ប្រព័ន្ធឱ្យសញ្ញាពេល​រេចង្កូតចេញពីគន្លង, មុខងារ​សម្គាល់​ផ្លាកសញ្ញាចរាចរណ៍, មុខងារ Blind-spot, ប្រព័ន្ធជំនួយចូលចតជាមួយហ្វ្រាំងអូតូ និងភ្លើងហ្វាអូតូជាដើម។

Toyota គ្រោងបញ្ចេញ​លក់​រថយន្ត​ Highlander ស៊េរីថ្មីនេះជាផ្លូវការ​នៅចុងឆ្នាំ​២០២២ខាងមុខ ដោយមិនទាន់​បាន​បញ្ជាក់តម្លៃរបស់​វានៅឡើយទេ៕

អត្ថបទ៖ សំភី