GMC ចេញ​កំពូល SUV ថ្មី មក​ជាមួយមុខងារ​ពិសេស​ប្លែកគេ Super Cruise

  • 2022-05-04 02:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


GMC បាន​ប្រកាស​ចេញ​នូវ​កំពូលរថយន្ត​ SUV ថ្មី​របស់ខ្លួន​ម៉ូដែល Yukon Denali Ultimate ឆ្នាំ​២០២៣ ដែល​រូបរាង​ទាំងក្រៅ និង​ក្នុង និង​បច្ចេកវិទ្យា​សុទ្ធតែថ្មីទំនើបពិសេស​តែម្តង។

រថយន្ត​នេះរំលេចដោយ​ពណ៌ខ្មៅរលើប មើលទៅផ្នែក​ខាងមុខរបស់វា​គឺធំកាចគួរសម ដោយប៉ាណាជាសំណាញ់​មាន​ឡូហ្គូ GMC នៅចំកណ្តាល និង​ចង្កៀង​បញ្ឈរ​សងខាង។

អ្វី​ដែល​ជាកំណែប្រែថ្មី​ដ៏ធំ​គឺនៅផ្នែក​ខាងក្នុង​ដែល​ត្រូវ​បានឌីហ្សាញ​យ៉ាងទំនើប​គួរឱ្យ​ទាក់​ទាញ​មែនទែន។ កៅអី៣ជួរ​របស់វា​គឺ​ជាកៅអីពូកស្បែក​ពិសេស ហើយ​កៅអី​នីមួយៗ​សុទ្ធតែមាន​មុខងារ​ពិសេស​ដើម្បី​ផ្តល់ផាសុកភាព​ដល់អ្នកដំណើរ។ វា​បំពាក់​ speaker Bose ១៨គ្រាប់​ ក្នុងនោះ​វា​មាន speaker បំពាក់​នៅផ្នែក​ខាងលើនៃកៅអី​អ្នក​ដំណើរ​ខាងមុខទៀតផង។

មុខងារ​មួយ​ដែល​គេចាប់អារម្មណ៍​បំផុតនោះ គឺ Super Cruise ដែល​ជាបច្ចេកវិទ្យា​ជំនួយដល់​អ្នកបើកបរ ពោលគឺ​វា​អាច​ផ្លាស់ប្តូរគន្លងផ្លូវ​ដោយអូតូ និង​មាន​មុខងារ​ពិសេស​មួយ​ទៀត​សម្រាប់​ការអូសសណ្តោង។ តែយ៉ាងណា​សម្រាប់មុខងារ​ Super Cruise នេះ គឺវាដំណើរការបានល្អត្រឹមត្រូវ​តែលើផ្លូវ​ក្នុង​សហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ។

រថយន្ត​ Yukon Denali Ultimate ប្រើ​ម៉ាស៊ីន V8 ​ចំណុះ ៦,២លីត្រ ផលិតបាន​កម្លាំង ៤២០សេះ និង​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ទាក់បូ ចំណុះ ៣,០លីត្រ ផលិតបាន​កម្លាំង ២៧៧សេះ ​ដំណើរដោយ​ប្រអប់លេខអូតូ ១០វគ្គ រត់ប៉ុង២។

ចំពោះតម្លៃវាវិញ GMC មិនទាន់​បាន​ទម្លាយ​ឱ្យដឹងនៅឡើយទេ ប៉ុន្តែ​គេរំពឹងថា វានឹង​មានតម្លៃ​ចាប់ពី ៩២ ០០០ដុល្លារ៕

អត្ថបទ៖ សំភី