អាវុធថ្មីរបស់ BYD សាកពេញ​បើកដល់ ៧០០គ.ម តម្លៃ​ថោកជាងឆ្ងាយ​ពី Tesla Model 3

  • 2022-04-04 07:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនចិន BYD គ្រោង​នឹង​បង្ហាញ​ចេញ​ជាផ្លូវរថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​ម៉ូដែល Seal ក្នុងពិព័រណ៌ Beijing Auto Show នាចុងខែមេសាខាងមុខ​នេះ ដែលវាបំពាក់​អាគុយធំ ម៉ាស៊ីនខ្លាំង ធ្វើដំណើរបានកាន់តែឆ្ងាយ ជាពិសេស​មានតម្លៃធូរថ្លៃជាងឆ្ងាយ​ពីគូប្រជែង Tesla។

រូបរាង​ខាងក្រៅរបស់ BYD Seal ទើបតែ​ត្រូវ​បាន​ទម្លាយ​ឱ្យដឹង បន្ទាប់ពី Concept វាចេញ​តាំងពីឆ្នាំមុន។ វា​ត្រូវបាន​អភិវឌ្ឍ​លើគ្រោងឆ្អឹងថ្មី e-platform 3.0។ បើតាម​មើលការ​ឌីហ្សាញ គឺ​ស្អាតទំនើបម្យ៉ាងដោយ​ចង្កៀងមុខរាងតូច​ ហើយ​ចង្កៀង​ស្តុបក្រោយ​ជា light bar ដែលលាតសន្ធឹងពីម្ខាង​ទៅម្ខាង។

រថយន្ត​ចិននេះ អាច​នឹង​មាន​ប្រវែង ៤៨០០មម ទទឹង ១៨៧៥មម កម្ពស់ ១៤៦០មម ​និង​ប្រវែងពីកង់មុខ​ទៅកង់ក្រោយ ២៩២០មម។ ទំហំប៉ុណ្ណេះ​ គឺធំជាង​គូប្រជែង Tesla Model 3 បន្តិច។

BYD Seal មាន​ជម្រើស​ប្រើម៉ូទ័រ​អគ្គិសនី​មួយ​ដែលផលិត​បាន​កម្លាំង ២០១​សេះ ឬ ៣០៨សេះ និង​ជម្រើស​ម៉ូទ័រ​អគ្គិសនី​ពីរ ដែលរត់ប៉ុងមុខផលិតបានកម្លាំង ២១៤សេះ និង​រត់ប៉ុងក្រោយផលិតបាន​កម្លាំង ៣០៨សេះ ដោយអាចជានស្ទុះពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៣,៨វិនាទី។

អាគុយ​ ៨០០វ៉ុល​របស់វា អាចឱ្យ​ BYD Seal ធ្វើដំណើរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ​ឯណោះ រាល់ពេល​សាកភ្លើងពេញម្តង។

រថយន្ត​នេះ នឹង​មានតម្លៃ​ចន្លោះពី ២២ ដល់ ២៨ម៉ឺនយ័ន ឬ ៣៤ ៥០០ ដល់ ៤៤ ០០០ដុល្លារអាមេរិក ពោលគឺ​ធូរថ្លៃជាង Tesla Model ដែល​មានតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី