ពិតទេ ដែលរថយន្តប្រភេទ Sedan សម្រាប់បើកតែនៅក្នុងក្រុង?
- 2022-03-11 06:28:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ ដែលរថយន្តប្រភេទ Sedan សម្រាប់បើកតែនៅក្នុងក្រុង?
ចន្លោះមិនឃើញ
រថយន្តប្រភេទ Sedan ជារថយន្តបែបលក្ខណៈក្រុមគ្រួសារដែលគេនិយមបើកបរនៅក្នុងទីក្រុង។ ជាមួយការរចនារូបរាងទាប ស្រាលធ្វើឲ្យគេគិតថារថយន្តនេះមិនសមស្របសម្រាប់ការបើកបរផ្លូវឆ្ងាយឬស្ថានភាពផ្លូវដែលមានចំណោតខ្ពស់នោះទេ។
Sabay បានសម្ភាសន៍លោក ឃុន ចាន់ថា នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត Mercedez-Benz នៅកម្ពុជា។
Sabay៖ គេនិយាយថារថយន្ត Sedan សម្រាប់បើកបរតែក្នុងទីក្រុង? តើបងមានការបកស្រាយយ៉ាងណា?
លោកឃុន ចាន់ថា៖ ភាគច្រើននៃអ្នកបើបរនិងអ្នកមានរថយន្តគ្រប់រូប បានស្គាល់ច្បាស់អំពីប្រភេទរថយន្តដែលពួកគេកំពុងប្រើ ដូចជារថយន្តសម្រាប់ក្រុមគ្រួសារ រថយន្តសម្រាប់ដឹកអ្នកដំណើរ រថយន្តសម្រាប់ដឹកទំនិញ រថយន្តភីកអាប់ រថយន្តខ្នាតតូចសេឌែន រថយន្តខ្នាតខ្ពស់អេសយូវីជាដើម។
ជាក់ស្តែងនៅទីក្រុងភាគច្រើនយើងសង្កេតឃើញមានតែរថយន្តក្រុមគ្រួសារប្រភេទសេឌែន (Sedan) តែប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ វាមិនសូវមានច្រើនពេកទេ ដែលអ្នកបើកបរចូលចិត្តយករថយន្តប្រភេទនេះទៅបើកបរនៅតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំជាដើម ព្រោះរថយន្តប្រភេទSedan វាមានលក្ខណៈតូចនិងទាប មិនអាចបើកបរបានលឿនឬគ្មានភាពទំនុកចិត្តខ្លាំងដូចគ្នាទៅនឹងការបើកបររថយន្តប្រភេទខ្ពស់នោះទេ។
កាលណាគេចង់ទៅលេងខេត្តណាឆ្ងាយៗ គេគិតមុនដំបូងគឺឡានខ្នាតខ្ពស់មុនគេ រួចបានគិតពីកម្រិតស៊ីសាំង គិតពីសុវិត្ថិភាព គិតពីការបើកបរពេលយប់ គិតពីការបើកបរជែងគ្នាអីជាដើម។ និយាយរួមភាគច្រើនគេចូលចិត្តប្រភេទឡានខ្ពស់តែម្តង។
Sabay៖ បងជួយបញ្ជាក់តិច រថយន្តប្រភេទ Sedan វាមានលក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតយ៉ាងណាខ្លះ?
លោក ឃុន ថាន់ថា៖ បើនិយាយតែរថយន្តប្រភេទសេដានរបស់ Mercerdes-Benz លក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតត្រង់ថា ប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធទប់លំនឹងរថយន្ត ទោះបបើកបរយឺតក្តី ឬលឿនក្តីអាចទប់លំនឹងរថយន្តមិនអោយមានភាពឃ្លីងឃ្លោង។ រាល់បូមរថយន្តអាចតម្លើងទាបខ្ពស់បានទៅតាមកាលៈទេសៈ និងស្ថានភាពផ្លូវ។ អ្វីដែលពិសេសនោះគឺប្រព័ន្ធមើលផ្លូវពេលយប់ និងពេលថ្ងៃ (Head-up Display and Night View Assist) រួមទាំងកាំមេរ៉ា ៣៦០ ដឺក្រេដែលធ្វើឲ្យអ្នកបើកបរមើលផ្លូវបានកាន់តែងាយស្រួល និងភ្លឺច្បាស់ល្អ។
Sabay៖ ហេតុអ្វីបានជារថយន្ត Sedan របស់ Mercedes អាចយកទៅបើកបរនៅគ្រប់ស្ថានភាពផ្លូវ?
លោកឃុន ចាន់ថា៖ រថយន្ត Sedan របស់ Mercedes អាចយកទៅបើកបរនៅគ្រប់ស្ថានភាពផ្លូវព្រោះចង្កូតរថយន្តប្រើដោយប្រព័ន្ធអេឡិចត្រូនិចដែលមានលក្ខណៈធូរងាយស្រួលរហូតធ្វើឲ្យអ្នកបើកបរមិនចាំបាច់ប្រឹងទប់ចង្កូតពេកនោះទេ នេះជាមូលហេតុដែលធ្វើឲ្យអ្នកបើកបរពុំសូវមានភាពនឿយហត់ បើទោះបីជាបើកបរក្នុងរយះចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រក៏ដោយ។
លើសពីនេះទៅទៀតរាល់ការជែងឬវ៉ាឆ្វេងឬស្តាំជាដើមកាន់តែមានទំនុកចិត្តខ្ពស់ដោយសាររថយន្តនេះមានសន្ទុះខ្លាំង និងអមដោយប្រព័ន្ធហ្វ្រាំងនិងអាបេអេសល្អ ជាហេតុធ្វើអោយរថយន្តងាយគេចផុតពីឧបសគ្គទាំងឡាយក្នុងពេលកំពុងបើកបរ កាន់តែលឿន កាន់តែនឹងល្អ ហើយកាន់តែគ្រប់គ្រងដៃចង្កូតបានល្អជានិច្ច។ រីឯកម្រិតស៊ីប្រេងវិញគឺតិចជាងរថយន្តខ្នាតខ្ពស់រហូតទៅពីរដង។
កាលពីចុងសប្តាហ៍នេះ ក្រុមហ៊ុន Star Auto Cambodia បានយករថយន្ត Mercedes-Benz ពីរម៉ូដែលគឺ C200 និង E250 ធ្វើដំណើរទស្សនាចរណ៍ទៅកាន់ខេត្តខ្ពង់រាបភាគឥសាននៃខេត្តមណ្ឌលគិរី ដោយធ្វើដំណើរតាមដងផ្លូវក្រវិចក្រវាមកាត់វាលកាត់ភ្នំ ទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងក៏ឆ្លៀតធ្វើដំណើរឆៀងចូលទស្សនាដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅក្នុងស្រុកកោះញែកដោយគ្មានឧបសគ្គ៕