ដំណឹងល្អ! ឡាន​អគ្គិសនី​ទីមួយ​របស់ Toyota នឹងឈានចូលអាស៊ាន​ឆ្នាំនេះហើយ

  • 2022-02-22 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​រង់ចាំយូរទៀតឡើយ រថយន្ត​អគ្គិសនីទីមួយរបស់ Toyota គឺម៉ូដែល bZ4X នឹង​ចូលមកដល់​តំបន់អាស៊ាន​ក្នុងឆ្នាំ​២០២២នេះ ក្នុងនោះ​គឺ​ប្រទេសថៃ ដែលមាន​សំណាង​ក្នុងការ​ប្រើប្រាស់​រថយន្ត​នេះ។

លោក Noriaki Yamashita ប្រធាន​ក្រុមហ៊ុន​ Toyota ប្រចាំ​ប្រទេសថៃ បាន​បញ្ជាក់​ថា រថយន្តអគ្គិសនីនេះ គឺ​ជា​ត្រកូល​ bZ ដំបូង ដែល​នឹង​ចេញលក់​នៅឆ្នាំនេះ។ វា​ត្រូវបាន​បញ្ចេញ​ដំបូង​កាលពីចុងខែតុលា ហើយរំពឹងថានឹង​ចូលទីផ្សារ​ប្រទេស។

លោកបន្តថា «យើង​នឹង​ព្យាយាម​លើកទឹកចិត្ត​ឱ្យមានការ​ប្រើប្រាស់​គ្រឿង​បន្លាស់​ដែលផលិត​ក្នុងស្រុក​ឱ្យបានកាន់តែច្រើន។ ថៃ​ត្រូវបាន​ជំរុញ​ឱ្យក្លាយ​ជាមូលដ្ឋាន​ផលិតកម្ម​ដ៏សំខាន់ សម្រាប់​ការដំឡើង​រថយន្ត​អគ្គិសនី​នាពេលអនាគត»។

រថយន្ត bZ4X ត្រូវបានអភិវឌ្ឍឡើងលើគ្រោងឆ្អឹង e-TNGA។ វាប្រើប្រាស់​ម៉ូទ័រ​អគ្គិសនី​ដែលផលិតបានកម្លាំង ២០៤សេះ និង​កម្លាំង​រមួល ២៦៥ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៨,៤វិនាទី និង​អាចជាន់ដល់​ល្បឿនអតិបរមា ១៦០គីឡូម៉ែត្រ/ម៉ោង។ សម្រាប់​ប៉ុង២ វា​ផលិត​បានកម្លាំង ២១៧,៥សេះ និង​កម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៧,៧វិនាទី។

អាគុយ​របស់​​រថយន្ត SUV នេះ ជាប្រភេទលីចូមអ៊ីយ៉ុង មាន​ទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញ​ម្តង អាចធ្វើដំណើរបាន​ចម្ងាយ​ ៤៥០គីឡូម៉ែត្រ។ វាគាំទ្រ​ដោយ​ដុំសាកលឿនផងដែរ ដោយ​សាកពី ០ ដល់ ៨០% ចំណាយពេលប្រហែល ៣០នាទី។

សម្រាប់​ទីផ្សារ​អង់គ្លេស រថយន្ត​នេះ​មាន​តម្លៃខុសគ្នា​ទៅតាម option ដូចខាងក្រោម៖

  • Toyota bZ4X Pure ប៉ុង១ តម្លៃ ៥៥ ៦០០ដុល្លារ។ វាបំពាក់កង់ alloy ទំហំ ១៨អ៊ីញ, ​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កុងទ័រឌីជីថល ៧អ៊ីញ, កាមេរ៉ា​រឺយែរ និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដែល​អាច​បញ្ជា​ពីចម្ងាយ។

  • Toyota bZ4X Motion ប៉ុង១ តម្លៃ ៦០ ៦៣២ដុល្លារ និង​ប៉ុង២ តម្លៃ ៦៤ ០៧៨ដុល្លារ។ វាមាន​បន្ថែម spoiler ខាងក្រោយ, កញ្ចក់ privacy ខាងក្រោយ, បើកគូទ​អូតូដោយគ្រាន់តែ​ចុចតេលេ, សេនស័រចូលចត, កម្តៅពូកខាងមុខ និង​ឆ្នាំងសាក​ឥតខ្សែ។ វាក៏មាន​ដំបូលប៉ាណូរ៉ាមិច និង​បំពាក់​ប្រព័ន្ធ​ជំនួយអ្នកបើកបរ។

  • Toyota bZ4X Vision ប៉ុង១ តម្លៃ ៦៣ ១៥០ដុល្លារ និងប៉ុង២ ៦៦ ៦០០ដុល្លារ។ វាមកជាមួយ​កង់ ២០អ៊ីញ, សេនស័ររឺយែរចូលចតជាមួយមុខងារ​ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារ​ជំនួយចូលចត​ដោយបញ្ជាពីចម្ងាយ, ពូកស្បែក (synthetic leather seat), កម្តៅពូក, កម្តៅដៃចង្កូត, សោឌីជីថល និង​បើកគូទ​អូតូដោយគ្រាន់តែ​គ្រវីជើង។

  • Toyota bZ4X Premiere Edition ប៉ុង២ តម្លៃ ៦៨ ៣១៩ដុល្លារ។ វាបន្ថែម​នូវ​ប្រព័ន្ធសំឡេង speaker JBL ៩គ្រាប់៕

អត្ថបទ៖ សេង ឡុង