ឡាន BYD ថ្មី​សាកភ្លើងពេញ​បើកបាន ៥០០គ.ម តម្លៃជាង២ម៉ឺនដុល្លារ ចេញលក់ហើយ

  • 2022-02-21 09:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនចិន BYD បាន​បញ្ចេញលក់​ជាផ្លូវការ​ហើយ​នូវ​រថយន្ត​អគ្គិសនី​ថ្មីរបស់ខ្លួនម៉ូដែល Yuan Plus ដែល​ជាប្រភេទ SUV Crossover។ វា​ជារថយន្ត​ទីពីរ បន្ទាប់ពី BYD Dolphin ដែល​អភិវឌ្ឍឡើង​ដោយផ្អែកលើកម្មវិធី e-platform 3.0។

រថយន្ត​នេះ ​ត្រូវបានបង្ហាញ​ដំបូង​នៅខែសីហា ឆ្នាំ​២០២១ ហើយ​បន្ទាប់មក​ បើកឱ្យកុម្មង់នៅថ្ងៃទី១ មករា ២០២២ ដោយពេលនោះ រថយន្តជាង ២ម៉ឺនគ្រឿង​ត្រូវបាន​កក់ខ្ទេចអស់។

តម្លៃ​របស់​រថយន្ត BYD Yuan Plus គឺ​ខុស​គ្នា​ទៅតាម​ទំហំអាគុយរួមមាន៖

  • អាគុយទំហំ 49.92kWh: ២២ ៨០៩ ទៅ ២៣ ៩១៦ដុល្លារ

  • អាគុយទំហំ 60.48kWh: ២៤ ៣៩០ ទៅ ២៧ ២៣៥ដុល្លារ។

មិន​ត្រឹម​តែដាក់លក់​ក្នុងស្រុកប៉ុណ្ណោះទេ BYD មាន​មហិច្ឆតានាំចេញ​រថយន្ត​នេះ​ទៅលក់​នៅអូស្ត្រាលី និង​សិង្ហបុរី ក្នុងអំឡុងឆ្នាំ​២០២២នេះទៀតផង។ ក្នុងនោះ​ដាក់លក់​នៅអូស្ត្រាលី​នឹងមានតម្លៃ​ពី ៣២ ០០០ ទៅជាង ៣៤ ០០០ដុល្លារ ខុសៗគ្នា​ទៅតាមទំហំអាគុយ។

គួរដឹងថា រថយន្ត BYD Yuan Plus ដែល​បំពាក់​អាគុយទំហំ 49.92kWh ឬហៅថា Standard Range Battery គឺ​អាចធ្វើដំណើរបាន​ចម្ងាយ ៤៣០គីឡូម៉ែត្រ ក្នុងពេល​សាកពេញម្តង។ ចំណែក​រថយន្ត​បំពាក់អាគុយទំហំ 60.48kWh ឬហៅថា Long Range Battery គឺ​អាច​ធ្វើដំណើរ​បានចម្ងាយ ៥១០គីឡូម៉ែត្រ រាល់ពេល​សាកពេញម្តង។

រថយន្ត​នេះ ដំណើរការដោយ​ម៉ូទ័រ 150kW និង 310Nm រត់ប៉ុងមុខ ជាន់ស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ប្រើពេល ៧,៣វិនាទី។ វា​ក៏ភ្ជាប់​មកជាមួយ​ដុំសាកលឿន ដោយសាកពី ៣០ ទៅ ៨០% ប្រើពេលប្រហែល ៣០នាទី៕

អត្ថបទ៖ សំភី