ឡានអគ្គិសនីរបស់ Tesla អាចនឹងធូរថ្លៃជាងមុនទេ បើដាក់អាគុយថ្មីរបស់ក្រុមហ៊ុនចិន?

  • 2022-09-06 03:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Tesla នឹងបំពាក់អាគុយរបស់ក្រុមហ៊ុនចិន សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួននាពេលអនាគត ដែលគេរំពឹងថា ការប្រើអាគុយរបស់ចិនបែបនេះ នឹងជួយកាត់បន្ថយថ្លៃដើមនៃការផលិត ជាពិសេសគឺអាចបង្កើនចម្ងាយនៃការបើកបរ ក្នុងពេលសាកពេញម្តងៗ។

បើតាមប្រភព Carbuzz ឱ្យដឹងថា Tesla កំពុងធ្វើការជាមួយក្រុមហ៊ុនចិន CATL ក្នុងការបំពាក់បច្ចេកវិទ្យាអាគុយថ្មីលើរថយន្ត Model Y ដែលវាមានថាមពលខ្លាំងជាងអាគុយបច្ចុប្បន្នដែលជាប្រភេទ iron-phosphate ប្រហែល ១០ ទៅ ២០%។

គួរកត់សម្គាល់ថា កាលពីចុងខែសីហាកន្លងទៅ ក្រុមហ៊ុន CATL បានទម្លាយចេញអាគុយ M3P ថ្មី ក្នុងព្រឹត្តិការណ៍ New Energy Automotive Congress។ អាគុយថ្មីនេះ អាចឱ្យរថយន្តបើកបរដល់ចម្ងាយជិត ៧០០គីឡូម៉ែត្ររាល់ពេលសាកពេញម្តង។

លោក Zeng Yuqun ប្រធានក្រុមហ៊ុន CATL ជឿជាក់ថា រថយន្តអគ្គិសនីដែលបំពាក់អាគុយប្រភេទថ្មីនេះ នឹងកាន់តែមានតម្លៃសមរម្យទាក់ទាញអ្នកប្រើប្រាស់ បើប្រៀបធៀបនឹងអាគុយ ធ្វើចេញពី cobalt និង នីកែល ដែលបានប្រើប្រាស់នាពេលកន្លងមក។

សូមជម្រាបថា CATL គឺជាក្រុមហ៊ុនផលិតអាគុយដ៏ធំបំផុតក្នុងពិភពលោក ដែលបានចូលរួមចំណែកជាង ១ភាគ៣ នៃការលក់អាគុយរថយន្តអគ្គិសនីនៅទូទាំងពិភពលោក។ ក្នុងនោះ Tesla បានក្លាយជាអតិថិជនរបស់ក្រុមហ៊ុនចិនមួយនេះ បន្ទាប់ពី Volkswagen, BMW និង Ford៕

អត្ថបទ៖ សំភី