ចំណាប់អារម្មណ៍ត្រួសៗ ចំពោះ Honda CR-V 2023 ដែល​ទើបប្រកាសចេញ

  • 2022-07-14 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្ញុំពេញចិត្ត​លើ​រូបរាងរបស់​វា​ ដែល​ឌីហ្សាញ​បែបថ្មី ពិសេសផ្នែក​ខាងមុខយើងឃើញ​ថា ប៉ាណា​ឌីហ្សាញជារាងឆកោន​ដូច HR-V 2023 ដែរ តែ​​ CR-V 2023 នេះ​ធ្វើស្អាតជាង ដោយសារតែវាអត់មានទុកចន្លោះសល់ធំ មានន័យថា ប៉ាណា ជាប់នៅជាមួយចង្កៀង​តែម្តង។ រន្ធបឺតខ្យល់ក៏ធំដែរ ស៊ីគ្នាជាមួយប៉ាណា។ ប៉ុន្តែចង្កៀងស្តុបក្រោយធ្វើជារាងអក្សរ L ដូចស៊េរីមុនដែរ នេះ​ក៏ដោយសារតែមិនចង់​ឱ្យបាត់អត្តសញ្ញាណរបស់ CR-V។

ចំណែក​ផ្នែក​ខាងក្នុងរបស់ CR-V 2023វិញ ខ្ញុំចាប់អារម្មណ៍ចំពោះតាបឡូ ដែល​វាធ្វើរន្ធ​តូចៗដូចសំបុកឃ្មុំយ៉ាងវែង ហើយ​យើងក៏បានឃើញ​ការ​ឌីហ្សាញ​បែបនេះ នៅលើ HR-V ស៊េរីថ្មីដែរ។ ត្រង់ចំណុចនេះហើយ ខ្ញុំយល់ថា Honda ព្យាយាម​បង្កើត​ភាព unique លើ​រថយន្ត​របស់ខ្លួន។ វាមិនស្អាតអីណាស់ណាទេ ប៉ុន្តែវាជាគំនិតថ្មីមួយគួរឱ្យសរសើរ។

ចំពោះ​ផ្នែក​ម៉ាស៊ីនវិញវាមានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៩០សេះ និង​ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២០៤សេះ ដែលខ្សោយជាងស៊េរីមុន ៨សេះ ប៉ុន្តែវាមានកម្លាំងរមួលធំជាងមុន។ អ៊ីចឹង​ត្រង់​ម៉ាស៊ីន​នេះ Honda នៅតែដើរមិនទាន់គេទេ ព្រោះ CR-V ជា SUV iconic មួយដែរ ប៉ុន្តែនៅតែដាក់​ម៉ាស៊ីនតូច ហើយ​មកដល់ស៊េរីឆ្នាំ២០២៣នេះ ក៏នៅមិនទាន់មានជម្រើសប្រើ plug-in hybrid ដែរ។

អូខេ នេះ​ជាចំណាប់អារម្មណ៍ត្រួសៗរបស់ខ្ញុំតែប៉ុណ្ណោះ ហើយ​ខ្ញុំនឹង​លម្អិតបន្ថែមទៀតក្នុង​វីដេអូ Speed ដែល​នឹង​ចេញ​ផ្សាយ​នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សំភី