ដឹងការពិត​នៅពីក្រោយ​នៃការ​ទម្លាក់​ទំហំ​ម៉ាស៊ីន​ឡាន Toyota Highlander 2023

  • 2022-07-08 07:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Toyota Highlander 2023 ត្រូវបាន​ប្រកាស​ចេញ​ប៉ុន្មានខែ​មកហើយ ដោយគេ​ចាប់អារម្មណ៍បំផុតគឺ​ការ​ទម្លាក់​ទំហំ​ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ មកនៅត្រឹមម៉ាស៊ីន​ទាក់បូ V4 ចំណុះ ២,៤លីត្រ។ ការពិត​មូលហេតុ​ចម្បង​នោះ​គឺដោយសារតែ Toyota ត្រូវបំពេញ​តាមស្តង់ដាររបស់​អឺរ៉ុប ដែល​កម្រិត​ក្នុងការបញ្ចេញផ្សែងពុលទៅកាន់​បរិយាកាស។

ម៉ាស៊ីន​ថ្មី​របស់ Highlander 2023 គឺផលិតកម្លាំងបាន ២៦៥សេះ និងកម្លាំងរមួល ៤១៩ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបនឹងរថយន្តស៊េរីមុន គឺ​រថយន្តថ្មីនេះមានកម្លាំងតូចជាង ៣០សេះ ប៉ុន្តែមានកម្លាំង​រមួលធំជាងមុន ៦២ញ៉ូតុនម៉ែត្រ។ កម្រិត​ប្រើប្រាស់សាំង​មិនខុសគ្នាពីស៊េរីមុនប៉ុន្មានទេ ប៉ុន្តែមានកម្រិតបញ្ចេញឧស្ម័ន NOx, NMOG និង C02 ទាបជាងមុន។

តែយ៉ាងណាក៏ដោយរថយន្ត Toyota Highlander ថ្មីនេះ បាន​បំពាក់​បច្ចេកវិទ្យា​ទំនើបជាងមុន ដោយ​កុងទ័រ ៧អ៊ីញពីមុន ជំនួសដោយ​កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ។ កុងទ័រថ្មីនេះដែរ គឺ​មានបង្ហាញនូវMode ដូចជា Casual, Smart, Tough និង Sporty។ ចំណែក​ប្រព័ន្ធ​កម្សាន្ត Touchscreen វិញ​ក៏មាន​ទំហំ​ដល់ ១២,៣អ៊ីញ សម្រាប់ option ខ្ពស់ តែបើ option ទាប​ដូចជា XLE និង XSE មាន​ Touchscreen ទំហំតែ ៨អ៊ីញ​ប៉ុណ្ណោះ។ វាមានចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរ​ចំពោះ Touchscreen នេះ គឺ​វាភ្ជាប់មកជាមួយ​ប្រព័ន្ធ Toyota Audio Multimedia system ដែល​បំពាក់នៅលើ Tundra 2022។

រថយន្តនេះ បំពាក់​ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ រួមមានដូចជា ប្រព័ន្ធឱ្យសញ្ញាព្រមាន​ដែល​នឹង​អាចប៉ះទង្គិចគ្នា​នៅខាងមុខ, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូ, ប្រព័ន្ធឱ្យសញ្ញាពេល​រេចង្កូតចេញពីគន្លង, មុខងារ​សម្គាល់​ផ្លាកសញ្ញាចរាចរណ៍, មុខងារ Blind-spot, ប្រព័ន្ធជំនួយចូលចតជាមួយហ្វ្រាំងអូតូ និងភ្លើងហ្វាអូតូជាដើម៕

អត្ថបទ៖ សំភី