នេះៗ! ឡានអគ្គិសនី MG រាងថ្មីអេម Fan ដឹងតែត្រូវចិត្ត

  • 2022-07-05 02:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន MG បាន​បញ្ចេញ​រូបភាព​រថយន្ត​អគ្គិសនី​ថ្មីរបស់ខ្លួនគឺម៉ូដែល MG4 EV ដែលគ្រោងនឹង​ប្រកាស​ចេញផ្លូវការ​នៅអំឡុងខែកញ្ញាខាងមុខនេះ។

វា​ជា​រថយន្ត​ដំបូង​ដែល​អភិវឌ្ឍលើគ្រោងឆ្អឹង Modular Scalable Platform (MSP) ហើយគ្រោងឆ្អឹង​នេះ​ក៏នឹងដាក់នៅលើ​ម៉ូដែល​រថយន្ត MG ផ្សេងៗទៀតដែរ។

ការឌីហ្សាញ​ផ្នែក​ខាងមុខ​របស់វា​ រាងខុសពីគេបន្តិច​ដោយ​ប៉ាណាធ្វើកាន់តែតូច ​ជាមួយ​ចង្កៀង​ LED រាង​ធំ និង​មាន​ពិលកាង​បញ្ឈររាងស្លីម។ ឯផ្នែក​ខាងក្រោយ​រឹតតែអេម ដោយចង្កៀង​វាលាតកាត់យ៉ាងវែង ខណ្ឌកណ្តាល​ដោយឡូហ្គូ MG ហើយ spoiler ក៏ឌីហ្សាញ​ជាពីរកំណាត់​ផ្សេងគ្នាដែរ ចំណែក​កញ្ចក់​ចំហៀង​តភ្ជាប់ជាមួយ​កញ្ចក់​ក្រោយតែម្តង។

ចំណែក​ខាងក្នុងវិញគឺមាន​ប្រព័ន្ធកម្សាន្ត Touchscreen នៅលើតាបឡូ និងកុងទ័រឌីជីថលមិនមាន​អ្វីបាំងដូចរថយន្តទូទៅទេ គឺដាក់ជាចំហរ​នៅលើតាបឡូដែរ ឯដៃចង្កូតបែបស្ព័រ​មានកាំពីរ និងប៊ូតុងចុចបញ្ជា។ នៅ​កន្លែងស្នូកកណ្តាល​វិញ ឃើញមាន​បន្ទះសម្រាប់​សាកថ្មទូរសព្ទដោយ​មិនប្រើ​ខ្សែ និងកុងតាក់បង្វិលបញ្ជា ព្រមទាំងមានរន្ធ២សម្រាប់​ដាក់កែវទឹក។

រថយន្ត MG4 EV នឹង​មាន​ជម្រើស​អាគុយពីរ មាន​ទំហំ ៥១គីឡូវ៉ាត់ម៉ោង និង ៦៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយពី ៣៥០ ទៅ ៤៥២គីឡូម៉ែត្រ រាល់ពេលសាកពេញ។ ត្រង់​ចំណុចនេះ MG ក៏ធ្លាប់​បាន​លើកឡើងដែរថា រថយន្តរបស់ខ្លួន​នាពេលអនាគត នឹង​អាច​ផ្លាស់ប្តូរអាគុយបាន៕

អត្ថបទ៖ សំភី