មុនពន្លត់​ម៉ាស៊ីនឡាន តើគួរបិទម៉ាស៊ីនត្រជាក់សិន​ទេ?

  • 2022-06-30 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូតមកដល់​ពេលនេះ នៅតែមាន​សំណួរ និងការ​លើកឡើងថា មុនពន្លត់​ម៉ាស៊ីន​រថយន្ត​ គឺគួរតែបិទម៉ាស៊ីនត្រជាក់សិន ដើម្បីកុំឱ្យឆាប់ខូច និងជួយសន្សំសំចៃសាំងពេលបញ្ឆេះរថយន្តវិញជាដើម ហើយ​រហូតដល់មានអ្នកខ្លះទៀតពេលកំពុងបើកបរ បើកម៉ាស៊ីនត្រជាក់ ដល់ពេល​ត្រជាក់ងំក៏បិទវិញ ដោយយល់ថា ការធ្វើបែបនេះ ជួយឱ្យរថយន្តមិនសូវស៊ីសាំង។

ការពិត​ទៅ បិទ ឬមិនបិទ​ម៉ាស៊ីនត្រជាក់ មុនពន្លត់​ម៉ាស៊ីន​រថយន្ត គឺមិនមាន​ផលប៉ះពាល់​អ្វីទេ ដោយសារតែរថយន្តបាន​បំពាក់​បច្ចេកវិទ្យាដែលមាន​ប្រព័ន្ធ ECU ពោលគឺ​វា​នឹង​កាត់ផ្តាច់​រាល់​គ្រឿងអេឡិចត្រូនិច​ក្នុងរថយន្តដោយស្វ័យប្រវត្តិ នៅពេល​ពន្លត់​ម៉ាស៊ីន​រថយន្ត ឬ​និយាយម្យ៉ាងទៀត​ថា ទាល់តែ​ម៉ាស៊ីន​ត្រូវបានបញ្ឆេះសិន ទើប​ប្រព័ន្ធ​រថយន្តទាំងមូលដំណើរការ ដោយ​រួមមានទាំងម៉ាស៊ីនត្រជាក់ផងដែរ។

ជារួម ​ម៉ាស៊ីន​ត្រជាក់​វាមិន​បង្កើន​បន្ទុក​ធ្ងន់ដល់​ម៉ាស៊ីនទេ ព្រោះ​វា​ជាដំណើរការ​ម៉ាស៊ីន​រថយន្ត​ធម្មតាតែប៉ុណ្ណោះ ហើយក៏មិនមាន​ឥទ្ធិពល​អ្វីលើ​កម្រិត​ប្រើប្រាស់​សាំងដែរ។ បើរថយន្ត​ទំនើប​ខ្លះ​ទៀត សឹងតែមិនទាន់​បញ្ឆេះម៉ាស៊ីនផង គឺ​អាចបញ្ជា​បើកម៉ាស៊ីន​ត្រជាក់​ពីចម្ងាយរួចស្រេចទៅហើយ ដូចជា Prius 2010 option ប្រើ​សូឡាជាដើម។

យ៉ាងណាមិញ បើលោកអ្នកចាប់អារម្មណ៍ឃើញថា រថយន្តខ្លួន​ស៊ីសាំងជាងមុននោះ គឺ​អាចនឹង​ពាក់ព័ន្ធនឹង​កត្តាផ្សេងៗជាច្រើន ដូចជា ប៊ូស៊ី គ្រឿងក្រោម សំបុកឃ្មុំ សំបកកង់ ស្ថានភាពផ្លូវ និង​ឥរិយាបថរបស់អ្នកបើកបរ៕

អត្ថបទ៖ សំភី