ចេញហើយ Toyota RAV4 2023 មិនកែរាង តែកែគ្រឿងក្នុងទំនើបមែនទែន
- 2022-06-24 03:42:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ Toyota RAV4 2023 មិនកែរាង តែកែគ្រឿងក្នុងទំនើបមែនទែន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ប្រចាំតំបន់អឺរ៉ុប បានប្រកាសចេញហើយនូវម៉ូដែលដ៏ល្បីល្បាញគឺ RAV4 ស៊េរីថ្មីឆ្នាំ២០២៣ ដែលរូបរាងវារក្សាដដែលដូចស៊េរីមុនដែរ ប៉ុន្តែបានផ្លាស់ប្តូរផ្នែកខាងក្នុងពោលគឺបំពាក់បច្ចេកវិទ្យាកាន់តែទំនើប។
ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងមកលើរថយន្តថ្មីនេះ គឺវាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,៥អ៊ីញ ដែលយើងបានឃើញរួចមកហើយនៅលើ Corolla និង Corolla Cross។ អេក្រង់នេះ អាចភ្ជាប់ Android Auto និង Apple CarPlay អាចបញ្ជាដោយប្រើសំឡេង (Hey Toyota Voice Assistant) ប្រើប្រព័ន្ធ Cloud-base navigation ដែលអាចដឹងពីស្ថានភាពចរាចរណ៍ជាក់ស្តែងនៅផ្លូវខាងមុខ ក៏ដូចជាបង្ហាញពីកន្លែងចំណតដែលនៅជិតអ្នកប្រើប្រាស់ផងដែរ។ ក្រៅពីនេះ វាក៏មានមុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ និងសំឡេងរោទ៍អំពីអាកាសធាតុទៀតផង។
ចំពោះអេក្រង់ Touchscreen នេះដែរ Toyota ក៏បានផ្តល់ជាកញ្ចប់ Smart Service សម្រាប់បន្ថែមមុខងារពីចម្ងាយ ដូចជា ការចាក់ និងដោះសោ គ្រប់គ្រងប្រព័ន្ធត្រជាក់ បង្អួច និងភ្លើងជាដើម ដោយប្រើប្រាស់តាមរយៈកម្មវិធី MyT។
ចូលមកដល់អេក្រង់ដ៏សំខាន់បំផុតមួយទៀតនោះគឺជាកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ។ វាបង្ហាញ driving mode ដូច Highlander ដែរ មានដូចជា Casual, Smart, Sport និង Tough។ ក្នុងកុងទ័រនេះ អ្នកបើកបរ ក៏អាចផ្លាស់ប្តូរ personalize ជាមួយជម្រើស Layout ចំនួន៣ ផ្សេងៗគ្នាផងដែរ។
កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ រថយន្ត RAV4 2023 បានបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបជាងមុន។ ក្នុងនោះ ប្រព័ន្ធព្រមានពីឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា កាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។ Toyota ក៏បានបន្ថែមប្រព័ន្ធជំនួយដៃចង្កូតបន្ទាន់ដែលអាចបញ្ចៀសពីការបុកអ្នកថ្មើជើង និងអ្នកជិះកង់។
ទោះបីជារូបរាងរបស់វាមិនមានការផ្លាស់ប្តូរអ្វីក៏ដោយ ប៉ុន្តែចង្កៀង LED បានអាប់ដេតថ្មីស្អាតជាងស៊េរីមុនបន្តិច និងបំពាក់យ៉ាន់កង់ alloy ថ្មី។ ជាមួយគ្នានោះ Toyota បានបន្ថែមពណ៌ សគជ់ខ្យង platinum white pearl សម្រាប់ option Plug-in Hybrid និង Hybrid។
រថយន្ត RAV4 ស៊េរីថ្មីនេះ ប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២១៥សេះ (សម្រាប់ប៉ុង១) និង ២១៩សេះ (សម្រាប់ប៉ុង២)។ បើវាប្រើ Plug-in Hybrid គឺផលិតបានកម្លាំង ៣០២សេះ ដែលដំណើរការជាមួយម៉ូទ័រអគ្គិសនី និងប៉ុង២។ ចំណែកម៉ាស៊ីនសាំងវិញ ទំនងជាមិនបំពាក់នៅលើវាទេ។
រថយន្ត Toyota RAV4 2023 នឹងត្រូវផលិតក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២២ខាងមុខនេះ ហើយតម្លៃរបស់វាក៏មិនទាន់ប្រកាសចេញនៅឡើយដែរ៕