ការពិត ឡានមានមុខងារមួយជួយមិនឱ្យស៊ីសាំងច្រើន និងលើសល្បឿនប៉ូលិសផាក ម៉េចក៏មិនប្រើ!
- 2022-06-23 07:03:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ឡានមានមុខងារមួយជួយមិនឱ្យស៊ីសាំងច្រើន និងលើសល្បឿនប៉ូលិសផាក ម៉េចក៏មិនប្រើ!
ចន្លោះមិនឃើញ
បច្ចុប្បន្ននៅស្រុកយើង អ្នកបើកបរភាគច្រើនតែងបារម្ភពីការបើកបរលើសល្បឿនពិសេសនៅតាមផ្លូវជាតិ ឧទាហរណ៍ដូចជានៅផ្លូវជាតិលេខ៣ជាដើម ហើយកត្តាប្រេងសាំងឡើងថ្លៃ ក៏ធ្វើឱ្យព្រួយចិត្តដែរ។ ការពិតទៅ ក្នុងរថយន្តគឺមានមុខងារមួយហៅថា Cruise Control ងាយស្រួលប្រើបំផុត ដែលមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។
មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖
១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ ដោយមុខងារនេះគឺវាជួយមិនឱ្យរថយន្តថយល្បឿនវិញឡើយ។ ដូច្នេះវាក៏មិនស៊ីសាំងដូចការជាន់ហ្គែរនោះដែរ។
២. មិនចុកជើង និងកាត់បន្ថយភាពភ័យខ្លាចបុកប៉ះជាមួយគេ៖ រាល់ពេលដែលអ្នកបើកបរជាន់ហ្គែរបង្កើនល្បឿន គឺប្រាកដជាមានការបារម្ភខ្លាចជាន់ជ្រុល ហើយជាន់ហ្វ្រាំងមិនទាន់បុកប៉ះជាមួយយានយន្តដទៃ ឬឧបសគ្គអ្វីមួយនៅខាងមុខ។ អ៊ីចឹង អ្នកបើកបរគ្រាន់តែប្រើមុខងារCruise Control ហើយដាក់ជើងគងលើឈ្នាន់ហ្វ្រាំងត្រៀមតែជាន់ប៉ុណ្ណោះ មិនមានអ្វីត្រូវគិតបារម្ភច្រើនឡើយ និងមិនចុកជើងទៀត។
៣. គេចផុតពីការចាប់ល្បឿនរបស់ប៉ូលិស៖ នេះជាចំណុចដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកបើកបរ ពិសេសនៅតាមផ្លូវដែលមានផ្លាកសញ្ញាកំណត់ល្បឿន។ ឧទារណ៍នៅពេលបើកបរដល់ចំណុចដែលមានការដាក់ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ៦០គីឡូម៉ែត្រ/១ម៉ោង អ៊ីចឹងគ្រាន់តែប្រើ Cruise Control កំណត់តាមល្បឿនហ្នឹង ជាការស្រេច ប្រសើរជាងការជាន់ហ្គែរ ឬបន្ថយល្បឿន ដែលត្រូវឧហ្សាហ៍ងាកមើលកុងទ័រចុះឡើងនាំតែពិបាក ហើយមិនស្រួលច្រលំជាន់ជ្រុលលើសល្បឿនកំណត់នេះទៀត។
៤. បច្ចុប្បន្នវាត្រូវបានអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពជាងមុន ដែលវាបំពាក់ជាមួយសេនស័រ ក្នុងការចាប់ចម្ងាយ និងល្បឿនរថយន្តខាងមុខ ពោលគឺជួយរក្សាល្បឿនរថយន្តអ្នកដោយស្វ័យប្រវត្តិ មិនឱ្យទៅកៀករថយន្តខាងមុខឡើយ ដែលគេហៅថា Adaptive Cruise Control។
តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើមុខងារ Cruise Control នៅតាមស្ថានភាពផ្លូវមួយចំនួនដូចជា ផ្លូវរលាក់ ផ្លូវចង្អៀត ឬផ្លូវមានចរាចរណ៍ច្រើន ផ្លូវឡើងទួល ឬស្ពាន ផ្លូវសើម ឬរអិល និងពេលយប់៕