Honda ទើបទម្លាយរូបកាប៊ីន CR-V 2023 កែថ្មីកាន់តែឡូយ
- 2022-06-23 03:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ទើបទម្លាយរូបកាប៊ីន CR-V 2023 កែថ្មីកាន់តែឡូយ
ចន្លោះមិនឃើញ
កាលពីខែមុន Honda បានទម្លាយរូបរាងផ្នែកខាងក្រៅរបស់ CR-V ស៊េរីថ្មីឆ្នាំ២០២៣ ដែលយើងឃើញថា វាបានកែថ្មីខុសពីស៊េរីមុន ដូចជាចង្កៀងមុខក្រោយ ប៉ាណា និងចំណុចមួយចំនួនទៀត។ ហើយឥឡូវនេះ រូបភាពក្នុងកាប៊ីន ក៏ត្រូវបានបង្ហាញដែរ ដោយបានផ្លាស់ប្តូរថ្មីកាន់តែទំនើប។ និយាយរួម ទាំងក្នុង និងក្រៅ គឺកែថ្មីអេម។
ចំណុចធំៗក្នុងកាប៊ីនរបស់ CR-V 2023ដែលគួរឱ្យចាប់អារម្មណ៍គឺដៃចង្កូត កុងទ័រឌីជីថល ប្រព័ន្ធកម្សាន្ត Touchscreen ដែលដាក់មកលើតាបឡូ និងចង្កឹះលេខថ្មី ជាពិសេសគឺរន្ធតូចៗដូចសំបុកឃ្មុំដែលកាត់តាបឡូយ៉ាងវែង ហើយដែលយើងបានឃើញរួចមកហើយនៅលើ Honda HR-V 2023។ នៅត្រង់ចំណុចនេះ Honda ហាក់បីកំពុងព្យាយាមបង្កើត Unique នៃការឌីហ្សាញផ្នែកខាងក្នុងរបស់រថយន្តខ្លួន។
តែយ៉ាងណា ទាំងនេះគ្រាន់តែជារូបភាពប៉ុណ្ណោះ ពោលគឺ Honda នឹងទម្លាយលម្អិតពីវានៅក្នុងខែកក្កដាខាងមុខនេះ។
គួរដឹងដែរថា បើមើលតាមរូបរាងខាងក្រៅដែលបង្ហាញកន្លងមក គេឃើញថា វាមានបំពាក់ចង្កៀង LED និងអំពូល day time running light ប៉ាណាធំបែបសំណាញ់មានឡូហ្គូ Honda នៅចំកណ្តាល ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផ្នែកខាងក្រោយដែលដាក់អក្សរ CR-V មានថែមពាក្យ Hybrid នៅពីក្រោម និងចង្កៀងស្តុបក្រោយជារាងអក្សរ L។
ផ្អែកតាមរូបរាងនេះ HR-V 2023 ទំនងជាប្រើម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីផលិតបានកម្លាំងសរុប ២១២សេះ ដូច CR-V 2022 ដែរ៕