លេចមុខឡាន Ssangyong ថ្មី ជាគូប្រជែងរបស់ Corolla Cross និង Territory តម្លៃតែ ២ម៉ឺនដុល្លារ
- 2022-06-14 03:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខឡាន Ssangyong ថ្មី ជាគូប្រជែងរបស់ Corolla Cross និង Territory តម្លៃតែ ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ssangyong បានបញ្ចេញរថយន្ត SUV ធុនកណ្តាលថ្មី ម៉ូដែល Torres ក្នុងប្រទេសកូរ៉េខាងត្បូង មកជាមួយរូបរាងបែបថ្មីទំនើបទាន់សម័យ ដែលគេអះអាងថា វាច្របាច់ប្រចូល style ពីប្រេនរថយន្តល្បីៗ។
ផ្នែកខាងមុខរថយន្ត ត្រង់ប៉ាណាឌីហ្សាញដូចជាឡាន Jeep មានដែកបញ្ឈរតូចៗចំនួន៦តម្រៀបគ្នា ចង្កៀងរាងស្លីមជាប្រភេទ LED រន្ធបឺតខ្យល់ធំ និងមានកាងជាប្រភេទអាលុយមីញ៉ូម។ បើនៅផ្នែកចំហៀងវិញ យើងឃើញមានប្រអប់មួយ ដូច Land Rover Defender ហើយផ្នែកខាងក្រោយវិញ ក៏មានបំពាក់ដុំពកធំមួយការពារនៅទ្វារក្រោយ ចង្កៀងក្រោយនេះក៏ជាប្រភេទ LED ស្រដៀងនឹង Ford Explorer ដែរគ្រាន់តែចង្កៀងនេះវែងជាងបន្តិចមាន២កំណាត់ និងមានកាងការពារផងដែរ។
ចូលមកផ្នែកខាងក្នុងវិញ រថយន្ត Torres បំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ និងមានអេក្រង់ ៨អ៊ីញមួយទៀតសម្រាប់បញ្ជាលើប្រព័ន្ធត្រជាក់។ ចង្កូតវាហាក់ប្លែកខុសពីគេដោយមានកាំ៤ ក្នុងនោះភ្ជាប់គ្នា ២កាំៗ និងមានប៊ូតុងសម្រាប់ចុចបញ្ជា។ អ្វីដែលកាន់តែពិសេសនោះ គឺតាបឡូ ទ្វារ និងប្រអប់កណ្តាល សុទ្ធតែស្រោបដោយស្បែក។ ក្រៅពីនេះ វាបំពាក់ភ្លើង ambient light, Speaker ៦គ្រាប់, រន្ធ USB ៤ និងពោងសុវត្ថិភាព ៧គ្រាប់។
តែយ៉ាងណា ចំពោះកម្លាំងម៉ាស៊ីនវិញ មិនត្រូវបានទម្លាយឱ្យដឹងឡើយ ដោយ Ssangyong គ្រាន់តែបញ្ជាក់ថា វាប្រើម៉ាស៊ីន T-GDI ដែលគេប៉ាន់ស្មានថាវាអាចនឹងប្រើម៉ាស៊ីនសាំងទាក់បូ ១,៥លីត្រ ដូចរថយន្ត Korando ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ រត់ប៉ុងមុខ។ វាក៏មានជម្រើសប្រើប៉ុង២ផងដែរ សម្រាប់ option OFF-Road។
Ssangyong បានដាក់ឱ្យកម្មង់ទិញរថយន្ត Torres នេះហើយ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃជាង ២៦លានវ៉ុន ឬ ២ម៉ឺនដុល្លារស្តើង ចេញពីរោងចក្រ។ បើតាមរបាយការណ៍មួយចំនួន អះអាងថា វាក៏នឹងមាន Version ប្រើអគ្គិសនីសុទ្ធផងដែរ ក្នុងឆ្នាំ២០២៣៕