អេម​! នេះ​ជា​ឡាន​ថ្មីទើបចេញ បើជិះ១ថ្ងៃត្រឹម ៧០គ.មអី មិនអស់លុយ​សូម្បីតែ១រៀល

  • 2022-06-13 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុត​ ក្រុមហ៊ុន Lightyear បាន​ទម្លាយលម្អិត​នូវ​រថយន្តមិនប្រើ​សាំងរបស់ខ្លួន ពោល​គឺ​ជារថយន្តអគ្គិសនីផង និងប្រើថាមពលសូឡាផង ដែលជាម៉ូដែល Lightyear 0។

មើលរូបរាង​របស់វា​យើងឃើញថា ការឌីហ្សាញ​រថយន្តនេះ​គឺ​ជា​រាងបែបអនាគតតែម្តងពិតជាទំនើបមែនទែន។ ដំបូលរបស់​វាគឺជាបន្ទះ​សូឡា​សុទ្ធតែម្តង ដើម្បី​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដើម្បីបង្កើតថាមពល​សម្រាប់​ដំណើរការ​រថយន្ត។ ទម្ងន់របស់វាស្រាល​ត្រឹមតែ ១៥៧៥គីឡូក្រាម និងមាន​ប្រវែងជាង ៥ម៉ែត្រ។

រថយន្ត​នេះ​គឺ​អំណោយ​ផល​ខ្ពស់​សម្រាប់​ប្រទេស​ក្តៅ។ នៅក្នុងរដូវក្តៅ បន្ទះ​សូឡា​ដែល​បំពាក់​លើរថយន្ត​ នឹង​ស្រូប​ពន្លឺ​បាន​កាន់តែច្រើន ជួយ​ឱ្យ​បង្កើនចម្ងាយឱ្យរថយន្តបាន ៧០គីឡូម៉ែត្រក្នុងមួយថ្ងៃ ឬ ១១ ០០០គីឡូម៉ែត្រ​ក្នុង១ឆ្នាំ។ ដូច្នេះ​បើ​អ្នកប្រើប្រាស់​ ធ្វើដំណើរ​ត្រឹម​ចម្ងាយប៉ុណ្ណឹងៗក្នុង១ថ្ងៃ គឺមិន​ចាំបាច់​ត្រូវសាកភ្លើង​ថែមនោះទេ ឬនិយាយសាមញ្ញថា មិនអស់លុយសូម្បីតែ១រៀល។

តែយ៉ាងណា​ បើ​មានតម្រូវការ​ទៅឆ្ងាយៗ ក៏មិនថ្វីដែរ ព្រោះពេល​សាកភ្លើង​ពេញ​ម្តង​អាច​ធ្វើដំណើរ​បាន​ដល់​ចម្ងាយ ៦២៥គីឡូម៉ែត្រ។ វាបំពាក់​អាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង ជាមួយម៉ូទ័រភ្លើង៤ ផលិតបានកម្លាំង ១៧៤សេះ និងកម្លាំង​រមួល ១៧២០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១០វិនាទី និង​អាចជាន់កប់​ដល់ល្បឿនអតិបរមា ១៦០គីឡូម៉ែត្រ/ម៉ោង។

ចំពោះ​ល្បឿន​នៃការសាកភ្លើងគឺមាន​ច្រើនជម្រើស ក្នុងនោះ បើប្រើដុំសាកលឿន គឺ​សាកមួយម៉ោង អាចបើកបានចម្ងាយ ៥២០គីឡូម៉ែត្រ, បើសាកនៅ​ស្ថានីយសាធារណៈ គឺសាកមួយម៉ោងបើកបាន ២០០គីឡូម៉ែត្រ និងសាកនៅផ្ទះ មួយម៉ោងបើកបានចម្ងាយ ៣២គីឡូម៉ែត្រ។

ចូល​មកផ្នែក​ខាងក្នុងវិញ Lightyear 0 បំពាក់​អេក្រង់ Touchscreen ទំហំ ១០,១អ៊ីញ ដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ​ Android ដោយ​អាចភ្ជាប់ជាមួយ​ Android Auto និង Apple CarPlay។

ក្រុមហ៊ុន Lightyear បញ្ជាក់ថា នឹង​ផលិត​រថយន្ត​នេះ​ត្រឹមតែ ៩៤៦គ្រឿង ដែលមានតម្លៃ​ជាង ២៦ម៉ឺនដុល្លារឯណោះ៕

អត្ថបទ៖ សំភី