ដឹងហើយ​ថា ឡាន​អគ្គិសនី​សន្សំសំចៃ តែដោយសារចំណុច៤នេះ ទើប​គេ​នៅ​រារែកចិត្ត

  • 2022-06-10 08:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃ​ប្រេង ការ​បំពុលបរិស្ថាន ច្បាប់ និង​ការលើកទឹក​ចិត្តពីរដ្ឋ​ សុទ្ធតែ​ជាកត្តាសំខាន់ៗ​ដែល​ជំរុញ​ដល់​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នាពេលបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែបើ​យើងមើល​ជារួម​ក្នុងពិភពលោកវិញ ឃើញ​ការប្រើប្រាស់​រថយន្ត​ប្រភេទនេះ នៅមាន​ចំនួនតិចតួចនៅឡើយ។

តោះ​ឥឡូវយើងមកដឹង​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ​នៃ​​រថយន្តអគ្គិសនី​​នាពេលបច្ចុប្បន្ន​

​ចំណុចខ្លាំង

១. ជួយដល់ការសន្សំសំចៃ​ពីការ​ប្រើប្រាស់​ប្រេង និង​ការជួសជុល

យើងឃើញ​ជាក់ស្តែង​ហើយថា តម្លៃប្រេងកំពុងឡើងថ្លៃ ចំណែក​ឯការសាកភ្លើង​គឺមានតម្លៃថោក​ជាង។ ម្យ៉ាងវិញទៀត គ្រឿងបង្គុំរបស់​រថយន្តអគ្គិសនី​ មិនមានច្រើនដូច​រថយន្តប្រើ​ប្រេងសាំង ឬម៉ាស៊ូតឡើយ ដែល​ធ្វើឱ្យវាមិនងាយឆាប់ខូច ឬត្រូវថែទាំជាប្រចាំ​អស់លុយច្រើនឡើយ ដូចជាការប្តូរប្រេងម៉ាស៊ីនជាដើម។

២. សំឡេងស្ងាត់

ដោយ​សារវាមិនប្រើ​គ្រឿងមេកានិច និង​មិនប្រើប្រេងសាំង ដូច្នេះពេលបញ្ឆេះ​រថយន្ត​ គឺ​វាមិន​ដុតប្រេងសាំង​នៅក្នុង​ម៉ាស៊ីន​ ដែល​ធ្វើឱ្យលាន់សំឡេង​នោះឡើយ។

៣. មិនបំពុលបរិស្ថាន

វាមិនបញ្ចេញ​ផ្សែងពុល​ចូល​ទៅក្នុងបរិយាកាស​ឡើយ។

៤. មិនចាំបាច់​ត្រូវបើករថយន្ត​ទៅចាក់សាំង​នៅហ្គារ៉ាស

អ្នក​ដែល​ប្រើ​រថយន្ត​អគ្គិសនី អាច​សាកនៅផ្ទះពួកគេបាន ឬអាច​សាកនៅគ្រប់​ទីកន្លែង​ដែលគ្រាន់តែមាន​ដុំសាក ឬចំណតសាកភ្លើង។

ចំណុចខ្សោយ

១.តម្លៃថ្លៃ

រថយន្ត​អគ្គិសនី​គឺមានតម្លៃថ្លៃ ព្រោះ​តែដំណើរការផលិត​ គឺ​ត្រូវប្រើបច្ចេកវិទ្យាថ្មីទំនើប និង​អ្នក​បច្ចេកទេស​ខ្ពស់ ដែលត្រូវចំណាយច្រើនក្នុងការផលិត ដូច្នេះ​វាក៏ធ្វើឱ្យតម្លៃកើនឡើង​ទៅតាមហ្នឹងដែរ។

២. ចម្ងាយ​នៃការ​បើកបរ

សម្រាប់​ប្រទេស​តូចៗ ប្រហែល​មិនសូវចោទជាបញ្ហាទេ តែសម្រាប់​ប្រទេសធំៗ ដែលទាមទារ​ការធ្វើដំណើរឆ្ងាយពីកន្លែងមួយទៅកន្លែងមួយ គឺពិបាកបន្តិចហើយ ដោយសារតែ​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន​ភាគច្រើន ពេលសាកពេញ ធ្វើដំណើរបាន​ចម្ងាយត្រឹម ២០០ ទៅ ៣០០ ឬ ៤០០គីឡូម៉ែត្រ ដូច្នេះ​ត្រូវទាមទារ​ការសាកភ្លើង​ជាប្រចាំ។

៣. ចំណតសាកភ្លើង

សម្រាប់​ប្រទេស​ជឿនលឿន​ខ្លះ គឺមាន​ចំណត​សាកភ្លើង​ច្រើនហើយ និង​អាចសាកលឿនបានទៀតផង អាច​បំពេញ​តម្រូវការ​បាន ប៉ុន្តែប្រទេស​អភិវឌ្ឍន៍តិចតួច មានដោយកន្លែងមួយៗប៉ុណ្ណោះ ហើយ​នេះ​គឺជាបញ្ហាដ៏ធំបំផុត​មួយ​ ក្នុងការឈានទៅរក​ការប្រើរថយន្ត​អគ្គិសនី។

៤. មិនសូវមានជម្រើសច្រើន

បច្ចុប្បន្ន ក្រុមហ៊ុន​រថយន្ត ផលិតប្រភេទអគ្គិសនីតែមួយ ឬពីរ​ម៉ូដែលប៉ុណ្ណោះ ពោលគឺ​ពួកគេ​នៅតែបន្តផ្តោតខ្លាំង​លើការ​ផលិតរថយន្តប្រើប្រេងសាំង ឬ Hybrid ដូច្នេះហើយ​អ្នក​ដែលចង់​ទិញ​រថយន្តអគ្គិសនី មិនមានជម្រើសច្រើនឡើយ៕

អត្ថបទ៖ សំភី