NX អែបកៀន! Lexus RX ២០២៣ ដូររាងថ្មី កាប៊ីនក្នុងថ្មី កាន់តែទំនើប ថែមជម្រើសម៉ាស៊ីនសាកភ្លើងទៀត

  • 2022-06-01 03:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត RX ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយបានផ្លាសប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង ព្រមទាំងបន្ថែមបច្ចេកវិទ្យាទំនើបៗ និង ជម្រើសម៉ាស៊ីន Plug-in Hybrid ថ្មី ជួយឲ្យវាកាន់តែលេចធ្លោក្នុងទីផ្សារ SUV ខ្នាតកណ្តាល។

បង្ហាញខ្លួននៅក្នុងឆ្នាំ១៩៩៨ រថយន្ត Lexus RX ទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើការលក់ ក្នុងរយៈពេល ៤ជំនាន់របស់វា ដោយ Lexus បានលក់ដាច់ RX លើសពី ១០០ ០០០គ្រឿងជារៀងរាល់ឆ្នាំ នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។

RX ឆ្នាំ២០២៣ បានទទួលយកភាសាឌីហ្សាញថ្មីរបស់ Lexus ដោយក្នុងនោះយើងអាចមើលដឹងភ្លាម ជាមួយនឹងចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃថ្មី ព្រមទាំងប៉ាណាមុខថ្មី ដែលដេញចាប់ពីពាក់កណ្តាលឡូហ្គូអក្សរ L ចុះមកក្រោម មិនមានពេញផ្ទៃខាងមុខដូចមុនទៀតឡើយ។

អ្វីដែលជាការផ្លាស់ប្តូរធំគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ ស្តុបក្រោយរបស់វាដែលឌីហ្សាញជាប់គ្នាពេញផ្ទៃខាងក្រោយ ស្រដៀងទៅនឹងម៉ូដែល LX, NX និង IS ជំនាន់ថ្មីដែរ។ ក្រៅពីនោះ វាផ្តល់ជម្រើសយ៉ាន់កង់ពី ១៩អ៊ីញ ដល់ ២១អ៊ីញ។

ដោយឡែក ចំពោះផ្នែកខាងក្នុងវិញ RX ២០២៣ បានដើរតាម NX ជំនាន់ថ្មី ដោយក្នុងនោះមានកុងទ័រឌីជីថល ក៏ដូចជា អេក្រង់កម្សាន្ត ដែលដំណើរការដោយប្រព័ន្ធ Lexus Interface System ថ្មី ហើយមានទំហំដល់ ១៤អ៊ីញឯណោះ។ ជាមួយគ្នានេះដែរ សូម្បីតែតាប្លូ និង ប្លុកបញ្ជាផ្នែកកណ្តាល ក៏បានរៀបចំថ្មីឡើងវិញស្រដៀងទៅនឹងម៉ូដែល NX ដែរ។

គួរឲ្យដឹងដែរថា រថយន្ត Luxus RX ២០២៣ នឹងមានជម្រើស ៦ Option គឺ Standard, Premium, Premium+, Luxury, F Sport Handling និង F Sport Performance។ រថយន្តនេះនឹងត្រូវផលិតលើគ្រោងឆ្អឹងថ្មី GA-K Platform ដូចទៅនឹងម៉ូដែល ES និង NX ដែរ ហើយគ្រោងឆ្អឹងថ្មីនេះនឹងជួយដល់ភាពរឹងមាំ និងសម្រកទម្ងន់ស្រាលជាងមុនដល់ទៅជិត ៩០គីឡូក្រាមឯណោះ។

សូមបញ្ជាក់ថា រថយន្ត Lexus RX ២០២៣ នឹងចែកចេញជា ៤ ម៉ូដែលគឺ៖

  • RX 350 លែងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 ទៀតហើយ ដោយជំនួសមកវិញនូវប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង turbocharged មានកម្លាំង ២៧៥សេះ និងកម្លាងរមួល ៤២៩ញ៉ូតុនម៉ែត្រ (ខ្លាំងជាងមុន ២០សេះ)។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយមានទាំងជម្រើសប៉ុងមួយវិលកង់មុខ និង ប៉ុងពីរ។ Lexus អះអាងថា SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,២វិនាទី។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺ ជាមធ្យម ៩,៨លីត្រ/១០០គីឡូម៉ែត្រ។
  • RX 350h ជំនួសដំណែង 450h ដោយប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយប្រព័ន្ធ Hybrid ជំនាន់ទី៤ និង ប៉ុងពីរមកស្តង់ដារ។ វាមានកម្លាំង ២៤៦សេះ និងកម្លាំងរមួល ៣១៦ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៤វិនាទី។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺ ជាមធ្យម ៧,១លីត្រ/១០០គីឡូម៉ែត្រ។

  • RX 450h+ Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ៣គ្រឿង និង កញ្ចប់អាគុយទំហំ ១៨,‌១គីឡូវ៉ាត់ម៉ោង ដូចទៅនឹងម៉ូដែល NX 450h+ Plug-in Hybrid ដែរ ដែលមានកម្លាំង ៣០២សេះ ហើយអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

  • RX 500h F Sport Performance ដែលជា SUV Hybrid ផ្តោតលើ Performance ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ មានកម្លាំងសរុប ៣៦៧សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៩វិនាទី។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺ ជាមធ្យម ៩លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Lexus RX ២០២៣ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ដោយវានឹងមានបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 មកស្តង់ដារ ក្នុងនោះរួមមានទាំងមុខងារ All-Speed Dynamic Radar Cruise Control ជាមួយមុខងារ Curve Speed Management ថ្មី ក៏ដូចជា Pre-Collision System ជាមួយមុខងារ Pedestrian Detection, Intersection Support និង មុខងារ Motorcycle Detection ថ្មី ព្រមទាំង Emergency Driving Stop System និង Lane Departure Alert ជាមួយ Steering Assist ទៀតផង៕

អត្ថបទ៖ សេង ឡុង