ឡានអគ្គិសនីអនាគត Toyota របេះ​ចេញមក​មួយទៀត​ហើយ

  • 2022-05-30 03:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី bZ4X ដែល​ជា​រថយន្ត​អគ្គិសនី​ទីមួយ​របស់​ Toyota ត្រូវបាន​បញ្ចេញ​មិនបាន​ប៉ុន្មានផង ឥឡូវនេះ​គឺ​ស្រាប់តែ​មានតម្រុយ​អំពី​រថយន្ត​អគ្គិសនី​ទីពីរគឺ bZ5 ដែល​គេ​សន្និដ្ឋាន​ថា វាជាប្រភេទ Sedan ហើយ​ទំហំ​របស់​វាស្ថិតនៅចន្លោះ​រវាង​ Corolla Altis និង Camry។

ការលេចធ្លាយ​អំពី​រថយន្ត​អគ្គិសនីថ្មីនេះ គឺបន្ទាប់ពី​វា​ត្រូវគេ​ថតបាន​ក្នុងអំឡុងធ្វើតេស្ត​បើកបរ​នៅក្នុងប្រទេស​ចិន បើទោះ​ជាគេបិទបាំង​រូបរាង​របស់​វាក៏ដោយ។ ជាមួយ​គ្នា​នោះ ព័ត៌មាន​មួយ​ចំនួន​ពីវា​ ក៏ត្រូវគេដឹងដែរ ដូចជាទំហំ ដោយ​វា​មាន​ប្រវែង ៤៧២៥មម ទទឹង ១៨៧៥មម កម្ពស់ ១៤៧៥មម និងមាន​ប្រវែង​ពីកង់មុខទៅកង់ក្រោយ ២៨៨០មម។

គេបាន​កត់សម្គាល់ឃើញថា bZ5 បំពាក់​ចង្កៀង​មុខ LED ដោយ​មួយចំហៀង​មាន ៤គ្រាប់មាន​រាង​ជាបន្ទាត់ដេក រំលេច​ជាមួយនឹង​អំពូល daytime running light។ ឯ​ចង្កៀង​ក្រោយ​ជារាងឆ្នូតវែង LED ហើយ​ក៏ជា​លក្ខណៈពិសេស​ដ៏ស្រស់ស្អាតផងដែរ​សម្រាប់​រថយន្ត​សាកភ្លើង​មួយ​នេះ។

កាន់តែគួរឱ្យ​ចាប់អារម្មណ៍​នោះ គឺផ្នែកខាងក្នុង​ ពោល​គឺបើ​តាម​រូបភាព​ឱ្យយើងដឹងថា ​អេក្រង់​វា​រាង​បញ្ឈរ​ហើយ​ពិតជា​ធំមែនទែន។ វា​ក៏នឹង​មាន​បំពាក់​កុងតាក់មួយ​ក្នុងការប្តូរម៉ូដបើកបរ និង​ដៃចង្កូតកាំ៣ ដែល​មាន​មុខងារសំខាន់ៗ។

អ្វីដែល​គេ​បាន​ដឹងទៀតនោះ គឺ Toyota bZ5 អាច​ជាន់កប់​ដល់​ល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង និង​ត្រូវបាន​អភិវឌ្ឍ​លើគ្រោងឆ្អឹង e-TNGA ដែល​ Toyota បាន​សហការ​ជាមួយ​ Subaru។

គួររំលឹក​ថា កាលពីចុងឆ្នាំទៅ Toyota និង Lexus បាន​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ដ៏គួរឱ្យភ្ញាក់​ផ្អើល​បំផុត​ ដោយបាន​បញ្ចេញ​រថយន្តអគ្គិសនី​សម្រាប់​អនាគត​ ១៥ម៉ូដែល។ ក្នុងនោះ​គឺ​ឃើញមានរថយន្ត​មួយ​ជាម៉ូដែល bZ SDN ដែល​យើងអាចប៉ាន់ស្មាន​បានថា វា​ជារថយន្ត bZ5 នេះតែម្តង៕

អត្ថបទ៖ សំភី