ឡាន​ថ្មីៗ​ឥឡូវសុទ្ធតែមានមុខងារ Blind-spot! វា​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​មែនអត់?

  • 2022-05-05 07:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ដែល​ផលិត​នាពេលបច្ចុប្បន្ន​នេះ គឺ​ស្ទើតែគ្រប់ប្រភេទហើយ​ដែលមាន​មុខងារ​ Blind-spot ដោយ​គេចាត់ទុកវា​ជាប្រព័ន្ធ​សុវត្ថិភាព​ស្តង់ដាមួយ ក្នុងចំណោម​ប្រព័ន្ធ​សុវត្ថិភាព​នានា។

Blind-spot ជា​មុខងារ​មួយ​ដែល​​ផ្តល់​សញ្ញា​នៅតាមកញ្ចក់​ចំហៀង​ ឱ្យ​អ្នកបើកបរ​បាន​ដឹង នៅពេល​មាន​យានយន្ត​ណាមួយ​មកជិត​រថយន្ត​របស់​អ្នក​ដែល​អ្នកមិនអាចមើលឃើញ​ ដើម្បី​ឱ្យអ្នក​បាន​ដឹងនិង​បង្កើន​ការប្រុងប្រយ័ត្ន។

យោងតាម​ការ​ស្រាវជ្រាវ​ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវហាយវេជាតិ​របស់​សហរដ្ឋអាមេរិក បង្ហាញថា រាល់​គ្រោះថ្នាក់​រថយន្ត​ចំនួន ១០ករណី គឺ​ក្នុង​នោះ​មាន១ករណី​ ដែល​កើតឡើង​ដោយសារតែអ្នក​បើកបរ​ ផ្លាស់ប្តូរប្តូរគន្លង​ដោយខ្វះការ​ប្រុងប្រយ័ត្ន។ ដូច្នេះហើយ រថយន្ត​ទាំងអស់​ដែល​មាន​មុខងារ Blind-spot គឺ​មានសុវត្ថិភាព​ខ្ពស់​នៅត្រង់ចំណុចនេះ ពោលគឺ​អ្នកបើកបរ​ បានត្រៀម​ការប្រុងប្រយ័ត្ន​ហើយស្រេច។

តើមុខងារ​នេះវាដំណើរការយ៉ាងដូចម្តេច?

នៅ​ពេលមាន​អ្វីមួយ​មកតំបន់ Blind-spot របស់​អ្នក ពេល​នោះ​កាមេរ៉ា​ដែល​បំពាក់​នៅលើកាង ឬចំហៀង​រថយន្ត វា​នឹង​អង្កេតដឹងហើយ​ផ្តល់​សញ្ញាដាស់តឿន​ដល់អ្នកតាមរយៈ កញ្ចក់​សងខាងរថយន្តដោយ​វានឹង​បញ្ចេញ​ពន្លឺ លោត​ភ្លើងក្រហមឬលឿង ព្រមជាមួយគ្នានោះ​ក៏​នឹងមាន​សំឡេងរោទិ៍ទឺតៗ​ផងដែរ។ មិន​តែប៉ុណ្ណោះ ប្រសិន​បើ​រថយន្ត​របស់​អ្នក​បំពាក់​ប្រព័ន្ធ​ពេញលេញទៀតនោះ វា​ថែមទាំងជួយ​ទប់ចង្កូត​រថយន្តអូតូមិនឱ្យរេទៀតផង។

ជាលទ្ធផល បច្ចេកវិទ្យា​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ យោងតាម​ស្ថិតិ​មួយចេញ​ផ្សាយដោយវិទ្យាស្ថាន​ធានារ៉ាប់រង​សម្រាប់​សុវត្ថិភាព​ផ្លូវហាយវេ (IIHS) បាន​រកឃើញថា មុខងារ Blind-spot បាន​ជួយកាត់បន្ថយគ្រោះថ្នាក់​ដោយ​ការផ្លាស់ប្តូរ​គន្លង រហូតដល់ ១៤% និង​កាត់បន្ថយ​ការរងរបួស​ដល់ ២៣%។

តែ​យ៉ាងណាក្តី ដើម្បី​ចៀសវាង​កុំឱ្យមានកំហុសឆ្គងនៃមុខងារ Blind-spot នេះ គឺ​អ្នក​ប្រើប្រាស់​គួរតែឧស្សាហ៍ពិនិត្យមើលកាមេរ៉ា ឬ សេនស័រ ដើម្បីសម្អាត កុំឱ្យមាន​ជាប់ធូលីដីផ្សេងៗ។ មួយវិញទៀត បច្ចេកវិទ្យាអាចនឹង​ error នៅពេលណាមួយ ដែលអ្នកមិនអាចពឹងពាក់វាទាំងស្រុងឡើយ ពោលគឺ​ត្រូវចេះ​មើលស្ថានភាព​ផ្លូវ​ដោយខ្លួនឯងថែមទៀត​ផងដែរ៕

អត្ថបទ៖ សំភី