ដឹងអត់! ប្រព័ន្ធសុវត្ថិភាពដំបូងរបស់ Toyota មានញាណពិសេសអាចដឹងគ្រោះថ្នាក់នៅខាងមុខ (មានវីដេអូ)
- 2022-05-03 07:25:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! ប្រព័ន្ធសុវត្ថិភាពដំបូងរបស់ Toyota មានញាណពិសេសអាចដឹងគ្រោះថ្នាក់នៅខាងមុខ (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ត្រូវបានបង្ហាញចេញដំបូងបំផុតក្នុងឆ្នាំ២០១៥ ដើម្បីការពារនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយប្រព័ន្ធសុវត្ថិភាពជំនាន់ទី១នេះ គឺមានមុខងារ៣ ដូចជា៖
ប្រព័ន្ធព្រមានពេលមានឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា (Pre-Collision System)
មុខងារនេះអាចស្កេនរាល់អ្វីទាំងអស់ដែលនៅខាងមុខ ដូចជា យានយន្តផ្សេងៗ អ្នកថ្មើរ និងអ្នកជិះកង់ ហើយវាអាចកត់សម្គាល់បានថា រាល់ចលនាទាំងនោះ អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ជាមួយរថយន្តរបស់យើង។ ប្រសិនបើវាអាចនឹងមានលទ្ធភាពប៉ះទង្គិចគ្នាមែន មុខងារនេះនឹងបន្លឺសំឡេងព្រមានដល់អ្នកបើកបរ ហើយប្រព័ន្ធជំនួយហ្រ្វាំងបន្ទាន់ ក៏ចាប់ផ្តើមធ្វើការដែរ។ ប៉ុន្តែប្រសិនបើអ្នកបើកបរ មិនបានចាប់អារម្មណ៍សញ្ញាព្រមាននេះទេ នោះហ្វ្រាំងវានឹងធ្វើការដោយស្វ័យប្រវត្តិតែម្តង ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។
ប្រព័ន្ធឱ្យសញ្ញាពេលរថយន្តរេចង្កូតចេញពីគន្លង (Lane Depature Alert)
មុខងារនេះ គឺប្រើកាមេរ៉ាដើម្បីស្កេនអង្កេតគន្លងផ្លូវ ពេលនោះប្រសិនបើអ្នកបើកបរសុខៗរេចង្កូតចេញពីគន្លងខ្លួន ដោយអត់មានវ៉ៃស៊ីញ៉ូ ប្រព័ន្ធនឹងបន្លឺសំឡេងឡើងភ្លាម ដើម្បីដាស់តឿនអ្នកបើកបរ ឱ្យបើកចូលគន្លងត្រឹមត្រូវវិញ។
ប្រព័ន្ធភ្លើងហ្វាអូតូ (Automatic High Beam)
មុខងារនេះ គឺប្រើសម្រាប់បើកបរពេលយប់ ដោយវាប្រើកាមេរ៉ាក្នុងការស្កេនអង្កេតមើលពន្លឺចង្កៀងពីរថយន្តដែលមកពីទិសដៅផ្ទុយ ពោលគឺវានឹងបិទភ្លើងហ្វាអូតូទម្លាក់មកកូដវិញ នៅពេលរថយន្តនៅទិសដៅផ្ទុយ មកកាន់តែកៀករថយន្តរបស់យើង ហើយពេលរថយន្តនោះទៅផុត វានឹងបើកហ្វាអូតូវិញ។
ក្រោយមកទៀត ក្នុងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 1.0 នេះដដែល ក៏បន្ថែមនូវមុខងារ២ទៀតគឺ៖
មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ (Road Sign Assist)
វានឹងស្កេនរាល់ផ្លាកសញ្ញានៅខាងមុខ ហើយបង្ហាញព័ត៌មានសំខាន់ៗដូចជា ការកំណត់ល្បឿន ឬ ហាមវ៉ាជែង ជាដើម។ ប្រសិនបើអ្នកបើកបរបំពាន វានឹងបន្លឺសំឡេងព្រមានតែម្តង។
ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control)៖ វានឹងជួយឱ្យរថយន្តរក្សាគម្លាតអូតូពីរថយន្តនៅខាងមុខ។ បើមិនអាចរក្សាគម្លាតបាន នោះប្រព័ន្ធនឹងកាត់បន្ថយល្បឿនរថយន្ត ហើយហ្វ្រាំងត្រៀមធ្វើការគ្រប់ពេល៕