Suzuki ចេញម៉ូតូអំប្រ៊ីយ៉ាថ្មី ចង់បើកលើផ្លូវណាក៏អេម!
- 2022-04-18 09:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki ចេញម៉ូតូអំប្រ៊ីយ៉ាថ្មី ចង់បើកលើផ្លូវណាក៏អេម!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូអំប្រ៊ីយ៉ាថ្មីរបស់ខ្លួនម៉ូដែល V-Strom 250 SX ឆ្នាំ២០២២ នៅក្នុងប្រទេសឥណ្ឌា ដែលជាម៉ូតូបែប off-road និងបំពាក់បច្ចេកវិទ្យាទំនើបៗ។
ការឌីហ្សាញម៉ូតូនេះ សម្រាប់អ្នកមានកម្ពស់ខ្ពស់ ដោយកម្ពស់កែបវាគឺ ៨៣៥មម និងកម្ពស់ពីដី ២០៥មម។ វាមានកញ្ចក់បាំងខ្យល់ខ្ពស់ ហើយពូកកែប ជាប្រភេទសម្រាប់ការជិះជាលក្ខណៈ adventure។
ម៉ូតូ V-Strom 250 SX ប្រើម៉ាស៊ីន SOHC ចំណុះ ២៤៩សេសេ ផលិតបានកម្លាំង ២៦,៥សេះ និងកម្លាំងរមួល ២២,២ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខ ៦វគ្គ ដោយបំពាក់ជាមួយប្រព័ន្ធត្រជាក់ម៉ាស៊ីន។ ធុងសាំងវាផ្ទុកបានចំណុះ ១២លីត្រ និងទម្ងន់ ១៦៧គីឡូក្រាម ឯកង់មុខទំហំ ១៩អ៊ីញ និងកង់ក្រោយទំហំ ១៧អ៊ីញ។
វាបំពាក់កុងទ័រឌីជីថល LCD ដែលអាចភ្ជាប់ Bluetooth ជាមួយស្មាតហ្វូន ដោយវានឹងបង្ហាញដំណឹងនៃ សារ ការខល ផែនទី ការព្រមានពីល្បឿន និងម៉ោងប៉ាន់ស្មានដែលនឹងទៅដល់គោលដៅ។ ក្រៅពីនេះ វាមានរន្ធសាកថ្មទូរសព្ទ ចង្កៀង LED ប្រព័ន្ធហ្វ្រាំង ABS និងមានដែកកាងការពារម៉ាស៊ីន៕