ទម្លាប់​អាក្រក់​អ្នក​ជិះ​ម៉ូតូ គួរ​ប្រញាប់​បោះបង់​ចោលទៅ​

  • 2022-04-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជិះ​ម៉ូតូ​ខ្លះ នៅ​ប្រកាន់​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ម៉ូតូ​ឆាប់​ខូច​ដោយ​មិន​ដឹង​ខ្លួន។ អ្នក​ខ្លះ​តែង​រអ៊ូ​ថា​ហេតុ​អី​ម៉ូតូ​ឆាប់​ខូច​នេះ​ខូច​នោះ តែ​តាម​ពិត​ដោយ​សារ​ទម្លាប់​អាក្រក់​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ដែល​​តែង​តែ​ធ្វើ​រាល់​ថ្ងៃ​​​ទាំង​មិន​ចាប់​អារម្មណ៍​នោះ​ឯង។

១. បញ្ឆេះ​ម៉ូតូ​ភ្លាម​ចេញ​ដំណើរ​ប្រុយ

ព្រឹក​ឡើង អ្នក​ជិះ​ម៉ូតូ​មិន​តិច​នាក់​ទេ ពេល​ទៅ​ធ្វើ​ការ​ម្តងៗ​គ្រាន់​តែ​ទាញ​ម៉ូតូ​ចេញ ​រួច​បញ្ឆេះ​ភ្លាម​ហើយ​ចេញ​ដំណើរ​តែ​ម្តង ដោយ​មិន​បាន​បញ្ឆេះ​ឱ្យ​ម៉ូតូ​​ក្តៅ​ម៉ាស៊ីន​សិន​នោះ​ទេ។ ធ្វើ​បែប​នេះ​អាច​ឱ្យ​ម៉ាស៊ីន​ដើរ​មិន​ស្រួល ពេល​កំពុង​ធ្វើ​ដំណើរ។  

២. ជិះ​ម៉ូតូ​ទាល់​តែ​អស់​សាំង​បណ្ដើរ

ព្រោះ​តែ​ខ្លាច​អស់​លុយ​ចាក់​សាំង​ច្រើន អ្នក​ខ្លះ​សុខ​ចិត្ត​ជិះ​ម៉ូតូ​រហូត​អស់​សាំង​រលីង​ពី​ធុង​ដល់​ថ្នាក់​បណ្ដើរ​ម៉ូតូ​បែកញើស​​រក​កន្លែង​ចាក់​សាំង​ក៏​មាន។ ត្រូវ​ចាំ​ថា កាល​ណា​សាំង​ម៉ូតូ​អស់​សាំង​រលីង​ពី​ធុង​ញឹកញាប់​ នោះ​ធូលី​និង​កំណក​កករ​នឹង​ឆាប់​កក​ស្ទះ​ប្រព័ន្ធ​បូប​សាំង​ឬ​ប៊ិច​សាំង រហូត​បណ្ដាល​ឱ្យ​ខូច។  

៣. ចាក់​សាំង​ប៉ាតណាប៉ាតណី

អ្នក​ខ្លះ​គិត​ថា​ឱ្យ​តែ​សាំង​ស៊ុបពែរ​ថ្លៃ គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​ម៉ូតូ គឺ​ចាក់​ស៊ុបពែរ​សឹង​រាល់​ថ្ងៃ។ ពិត​មែន​សាំង​ស៊ុបពែរ គឺ​មាន​តម្លៃ​ថ្លៃ ហើយ​មាន​ចំហេះ​ខ្លាំង តែ​វា​ប្រើ​សម្រាប់​តែ​ម៉ាស៊ីន​ឡាន​និង​ម៉ូតូ​ប្រភេទ​ស្ព័រ​​ ឬ​​ប្រើ​យូរ​ឆ្នាំ មិន​សូវ​ស្ទុះ។ សាំង​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្តៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា។ បើ​ជិះ​ផ្លូវ​ឆ្ងាយ​ចាក់​សាំង​ស៊ុបពែរ នោះ​ម៉ាស៊ីន​ម៉ូតូ​នឹង​ឆាប់​ឡើង​កម្តៅ។  

៤. មិន​ដែល​ខ្វល់​ពី​បូម​ម៉ូតូ

អ្នក​ខ្លះ​ជិះ​ម្នាក់​ឯង​ក៏​ដាក់​បូម​មួយ ពីរ​នាក់​ក៏​បូម​មួយ មិន​សូវ​ខ្វល់​ថា​ត្រូវ​ប្តូរ​​ដាក់​បូម​សម្រាប់​មនុស្ស​ពីរ​នាក់​វិញ​ទេ ទាំង​ពេល​ខ្លះ​ដឹង​ហើយ​​ថា​នឹង​ធ្វើ​ឱ្យ​បូម​ឆាប់​ខូច (ចំពោះ​ម៉ូតូ​មួយ​ចំនួន​ដូចជា Honda Dream)។

៥. ជិះ​ម៉ូតូ​បណ្ដើរ​ឈ្ងោក​ចុច​ទូរសព្ទ​បណ្ដើរ 

អ្នក​បើក​ម៉ូតូ​តិច​នាក់​អី ដែល​ចូលចិត្ត​ជិះ​ម៉ូតូ​បណ្តើរ​ចុច​ទូរសព្ទ​បណ្តើរ រហូត​ភ្លេច​មើល​ផ្លូវ​ក៏​មាន។ ទង្វើ​បែប​នេះ អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជាយថាហេតុ ព្រោះ​តែ​ពុំ​បាន​ចាប់​អារម្មណ៍​មើល​ផ្លូវ​ខាង​មុខ ហើយ​ពេល​ខ្លះ​អាច​នឹង​មាន​អំពើ​ឆក់​កើត​ឡើង ព្រោះ​តែ​ការ​សម្ញែង​ទូរសព្ទ​តម្លៃ​ថ្លៃ​ពេល​កំពុង​ជិះ​ម៉ូតូ​ហ្នឹង​ឯង។  

៦. មួល​ហ្គ៊ែរ​ខ្លាំងៗ

អ្នក​ខ្លះ​ចូលចិត្ត​ជិះ​ម៉ូតូ​លឿន មួល​ហ្គែរ​ខ្លាំងៗ ព្រោះ​តែ​ចង់​សម្ញែង​គេ​ឯង តែ​មិន​ដឹង​ថា​ធ្វើ​ដូច្នេះ​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថា្នក់​កើត​ឡើង និង​ឆាប់​អស់​សាំង​ម៉ូតូ​លឿន​នោះ​ទេ។

៧. មិន​ដែល​ខ្វល់​រឿង​ពាក់​មួក​សុវត្ថិភាព 

ព្រោះ​តែ​ខ្លាច​ខូច​ម៉ូដ​សក់​និង​មិន​ឡូយ​ឆាយ មិត្ត​យុវវ័យ​ស្ទាវៗ​មួយ​ចំនួន​មិន​ចង់​ពាក់​មួក​ការពារ​ទេ។ យ៉ាង​ហោច​ណាស់​មួក​សុវត្ថិភាព​អាច​ជួយ​ការងារ​ជីវិត​អ្នក​បាន​ចំពោះ​គ្រោះ​ថ្នាក់​ភាគ​ច្រើន និង​អាច​ជៀស​ផុត​ពី​ការ​ផាក​ពី​ន័យ​ពី​ពូៗ​ប៉ូលិស​បាន​ដែរ។ មួយ​ទៀត​បើ​ពេល​ពាក់​មួក​ការពារ​ហើយ កុំ​ភ្លេច​បិទ​គន្លឹះ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ណា!។

៨. មិន​សូវ​ខ្វល់​រឿង​ដូរ​ប្រេង​បាត 

ក្រៅ​ពី​ការ​ជ្រើស​រើស​សាំង​ត្រឹម​ត្រូវ ប្រេង​បាត​ក៏​ជា​ផ្នែក​សំខាន់ ជួយ​ឱ្យ​ម៉ាស៊ីន​ម៉ូតូ​ដើរ​ស្រួល​ដែរ។ មិត្ត​យុវវ័យ​ខ្លះ ជិះ​ម៉ូតូ​មិន​សូវ​ខ្វល់​ថា​ត្រូវ​ដូរ​ប្រេង​បាត​ឱ្យ​បាន​ទៀង​ទាត់​ទេ ដល់​ថ្នាក់​ជិះ​រហូត​ប្រេង​បាត​ឡើង​ខ្មៅ​ដូច​ធ្យូង​និង​ហុយ​ផ្សែង​ឈ្លក់​គេ​ឯង​តាម​ផ្លូវ​ក៏​មាន៕

អត្ថបទ៖ ប៉ែត ផាន់និត