បើជាការពិត យើងនឹងឃើញគ្រោងឆ្អឹងឡានស្ព័រអគ្គិសនី កើតចេញពី BMW និង McLaren
- 2022-04-11 07:12:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើជាការពិត យើងនឹងឃើញគ្រោងឆ្អឹងឡានស្ព័រអគ្គិសនី កើតចេញពី BMW និង McLaren
ចន្លោះមិនឃើញ
មានដំណឹងថ្មីទៀតហើយនិងគួរឱ្យចាប់អារម្មណ៍ដែលគេបានដឹងថា BMW និង McLaren ត្រៀមចុះកុងត្រារួមគ្នាអភិវឌ្ឍគ្រោងឆ្អឹង (platform) សម្រាប់រថយន្តស្ព័រអគ្គិសនី ហើយលើសពីនេះ Audi ក៏ទំនងចង់ចូលរួមដែរ។
តែយ៉ាងណា វាមិនមែនជាលើកទីមួយដែលក្រុមហ៊ុនទាំង២សហការគ្នានោះទេ ពោលគឺពួកគេធ្លាប់បានអភិវឌ្ឍរថយន្ត McLaren F1 រួចមកហើយ ដែល BMW គ្រាន់តែផ្គត់ផ្គង់ម៉ាស៊ីន V12 ឯ McLaren ជាអ្នកឌីហ្សាញ។ ប៉ុន្តែលើកនេះ ពួកគេនឹងធ្វើការលើគ្រោងឆ្អឹងសម្រាប់អភិវឌ្ឍរថយន្តស្ព័រអគ្គិសនីជាច្រើន ហើយស្ថិតក្រោម Brand ទាំងពីរនេះទៀតផង។
ទន្ទឹមនឹងនេះ ក៏មានលេចធ្លាយថា កាលពីខែមីនាកន្លងទៅ BMW និង McLaren បានចុះ MoU ជាមួយគ្នារួចមកហើយអំពីការអភិវឌ្ឍរួមគ្នានូវគ្រោងឆ្អឹងសម្រាប់រថយន្តស្ព័រអគ្គិសនី។
វាក៏មិនមែនលើកដំបូងដែរ ដែល BMW សហការជាមួយក្រុមហ៊ុនរថយន្តដទៃ។ គួររំលឹកថា BMW ធ្លាប់បានចូលរួមជាមួយ Toyota ផលិតរថយន្តរួចមកហើយ ដែលពេលនោះពួកគេអភិវឌ្ឍរថយន្តម្នាក់មួយ ដោយ BMW ផលិត Z4 និង Toyota ផលិត Supra ដោយរថយន្តទាំងពីរស្ថិតក្រោមគ្រោងឆ្អឹងតែមួយ។
BMW ធ្លាប់បានប្រកាសពីមហិច្ឆតាក្នុងការក្តោបក្តាប់ទីផ្សាររថយន្តអគ្គិសនី។ ក្រុមហ៊ុនយក្សមួយនេះ បានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួនរួចមកហើយ ពេលនេះឈានដល់ជំហានមួយទៀតគឺរថយន្តស្ព័រអគ្គិសនី ខណៈដែល McLaren ជាអ្នកឯកទេសខ្ពស់បំផុតលើការឌីហ្សាញរថយន្តស្ព័រ៕