មុន​បញ្ឆេះ​ឡាន​ចេញ​ដំណើរ ​ត្រូវ​ធ្វើ​រឿង​ទាំង​អស់​នេះ​ជាមុន​

  • 2022-04-14 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ទូទៅ​អ្នក​​បើកបរ​រថយន្ត ច្រើន​តែ​​​​បើក​ទ្វារ​ឡាន​ហើយ​បញ្ឆេះ​ម៉ាស៊ីន​ចេញ​ដំណើរ​តែ​ម្តង ដោយ​ពុំ​បាន​មើល​សព្វ​ជ្រុងជ្រោយ​អ្វី​ជាមុន​ឡើយ។ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ មុន​ចូល​​ឡាន​​បញ្ឆេះ​ចេញ​ដំណើរ អ្នក​បើកបរ​ទាំង​អស់​ត្រូវ​ធ្វើ​រឿង​សាមញ្ញៗ​ខាង​ក្រោម​ជា​មុន​សិន។

ដំបូង​ត្រូវ​ដើរ​​ព័ទ្ធ​​ឡាន​ពី​ខាង​ក្រោយ​ពិនិត្យ​មើល​កង់​។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឱ្យ​អ្នក​បើកបរ​ដឹង​ថា​ តើ​ខ្ចៅ​បាឡុង​កង់​ទាំង​អស់​គ្រប់​​​និង​មិន​ធូរ ហើយ​កង់​មាន​ធូរ​ឬ​បញ្ហា​ត្រង់​ណា​ខ្លះ។ ម្យ៉ាង​ទៀត​ក៏​អាច​ឱ្យ​អ្នក​បើកបរ​ដឹង​ថា ​តើ​មាន​វត្ថុ​ឬ​អ្វី​មួយ​នៅ​ក្បែរ​ឡាន​ដែរ​​ឬ​អត់ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​​ពេល​បើក​ចេញ​ដំណើរ។  

នៅ​ពេល​ចូល​ដល់​ក្នុង​ឡាន​ត្រូវ​សារ៉េ​កញ្ចក់​ឆ្វេង​ស្តាំ មុខ​ក្រោយ​ឱ្យ​បានម៉ត់ចត់​។ ចំពោះ​កៅអី​ក៏​ត្រូវ​សារ៉េ​ដូច​គ្នា ទៅ​តាម​បែប​បទ​នៃ​ការ​អង្គុយ​របស់​អ្នក​បើកបរ​បុរស​និង​ស្រ្តី (កៅអី​របស់​ស្រ្តី​ច្រើន​រុញ​ទៅ​មុខ​ឯ​បុរស​ច្រើន​រុញ​ទៅ​ក្រោយ) ហើយ​ក៏​ត្រូវ​សារ៉េ​ត្រង់​ផ្នែក​ក​ឱ្យ​បាន​​ត្រឹមត្រូវ​ផង​ដែរ ដើម្បី​​មាន​ផាសុកភាព​ពេល​​​ធ្វើ​ដំណើរ​យូរ។  

ចំពោះ​ឡាន​លេខ​ដៃ ​គឺ​ដោះ​​ហ្វ្រាំង​​ជាមុន​សិន​រួច​សឹម​បញ្ឆេះ មិន​ដូច​ច្នោះ អាច​ធ្វើ​ឱ្យ​ឆេះ​តាបួរ ស្បែក​ហ្វ្រាំង​ និង​ឆេះ​កង់​ក៏​ថា​បាន​ព្រោះ​តែ​វា​កកិត​ខ្លាំង​ពេក។ ភាគ​ច្រើន​ឡាន​លេខ​ដៃ​ ត្រូវ​ទម្លាក់​ចុះ​ក្រោម ដើម្បី​ដោះ​ហ្វ្រាំង ហើយអ្នក​ដែល​ទើប​ចេះ​បើកបរ​ដំបូងៗ​ច្រើន​តែ​ធ្វេស​ប្រហែស​ត្រង់​ចំណុច​នេះ។  

ចំពោះ​ធុង​ទឹក​រថយន្ត​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​បើកបរ​គ្រប់​រូប​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ញឹកញាប់​រាល់​ពេល​ចេញ​ដំណើរ​ទៅ​ទី​ឆ្ងាយ ដើម្បី​ធានា​ថា​មិន​មាន​បញ្ហា​លេច​ខ្វះ​ឬ​លេច​ធុង​ទឹក​ជា​ដើម។ អ្នក​គួរ​ឧស្សាហ៍​​ពិនិត្យ​មើល​ត្រង់​ចំណុច​ទាំង​អស់​​​ ដើម្បី​ឱ្យ​ការ​ធ្វើដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​​ប្រកប​ដោយ​សុវត្ថិភាព៕

អត្ថបទ៖ សំភី