ជិះ​ឡាន​ម៉ូតូ​រហូត​ដល់​អស់​សាំង​រលីង​ អាច​មាន​គ្រោះ​ធំ​ដល់ម៉ាស៊ីន

  • 2022-04-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ខ្លះ​ព្រោះ​តែ​​​​​​ខ្ជិល​ចង់​ចំណេញ​លុយ​រឿង​ងាកចាក់​សាំងៗ សុខ​ចិត្ត​ជិះ​ឡាន​ម៉ូតូ​រហូត​អស់​សាំង ហើ​យ​សម្រាប់​អ្នក​ជិះ​ម៉ូតូ​វិញ​រហូត​ដល់​បណ្តើរ​តាម​ផ្លូវ​ទៀត​ក៏​មាន​។ បើ​តាម​​ម្ចាស់​ហ្គារ៉ាស់​មួយកន្លែង បាន​បញ្ជាក់​ថា ឡាន​ម៉ូតូ​ដែល​ជិះ​រហូត​ដល់​អស់​សាំង​ពេក នាំ​ឱ្យ​មាន​បញ្ហា​ខូច​ម៉ាស៊ីន ត្រូវ​ទៅ​ជាង​​អស់​លុយ​​​អត់​អំពើ។

កាល​ណា​ធុង​សាំង​ឡាន​ឬ​ម៉ូតូ​អស់​សាំង​រលីង វា​នាំ​ឱ្យ​កើត​មាន​ធូលី​ឬ​កំណក​កករ​ស្ទះ​​ប្រព័ន្ធ​បូម​សាំង ឬ​ប៊ិច​សាំង រហូត​ធ្វើ​ឱ្យ​ខូច។ នៅ​ពេល​ប៊ិច​សាំង​មាន​បញ្ហា ម្ចាស់​យានជំនិះ​ត្រូវ​ខាត​ប្រាក់កាស​ដោយ​សារ​ការ​ជួសជុល​ចំពោះ​ករណី តែ​បើ​ប៊ិច​សាំង​ខូច ត្រូវ​ដូរ​ថ្មី ដោយ​ប៊ិច​សាំង​ឡាន​មួយ​ធម្មតា​ថ្លៃ ៤៥ដុល្លារ និង​អាច​ថ្លៃ​ដល់ ១០០ដុល្លារ​ទៅ​តាម​ប្រភេទ​រថយន្ត។

ក្រៅ​​ពី​​ធ្វើ​ឱ្យ​ខូច​ប៊ិច​សាំង ជាតិ​ទឹក​ក្នុង​សាំង​ដែល​នៅ​សេស​សល់​នឹង​ប៉ះពាល់​ដល់​​ឌុយ​ស៊ីម៉ាំង​ឬ​សំបុក​ឃ្មុំ។ បើ​ឌុយ​ស៊ី​មាំង​ឬ​សំបុក​ឃ្មុំ​ខូច​ត្រូវ​​ដូរ​ថ្មី ត្រូវ​ចំណាយ​ប្រហែល​ខ្ទង់ ១៣០ដុល្លារ។

ចំពោះ​ម៉ូតូ អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ ពេល​ត្រូវ​អស់​សាំង​លើ​ដង​ផ្លូវ​កក​ស្ទះ​ពាក់​កណ្តាល​ទី ក្រោយ​មុខងារ​អ៊ែរ​​​ម៉ូតូ​អស់​ដំណើរការ។ យល់​ល្អ​អ្នក​បើកបរ​ត្រូវ​រក​កន្លែង​ចាក់​សាំង​ឱ្យ​បាន​​​លឿន ខណៈ​ទ្រនិច​កុងទ័រ​​ឈាន​ដល់​ចំណុច​ក្រហម កុំ​​ដល់​ថ្នាក់​ជិះ​រហូត​​បើក​អ៊ែរ។

ចំណែក​រថយន្ត​វិញ​ពេល​ជិត​អស់​សាំង អ្នក​ជំនាញ​ណែនាំ​ថា គួរ​តែ​បិទ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ បើ​ជិះ​នៅ​ផ្លូវ​ស្ទះ ព្រោះ​យ៉ាង​ហោច​ណាស់​វា​​​ជួយ​សន្សំ​សំចៃ​សាំង​ ​អាច​​ឱ្យ​រថយន្ត​រត់​ទៅ​មុខ​បាន​មួយ​ស្របក់​ដែរ៕

អត្ថបទ៖ សំភី