ត្រៀមលុយឲ្យហើយទៅ! Honda ចេញម៉ូតូច្រើន​ម៉ូដែល សុទ្ធតែឡូយៗ

  • 2022-03-23 09:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិព័រណ៌​យានយន្ត​ Bangkok Motor Show 2022 ថ្មីៗនេះ ក្រុមហ៊ុន Honda បាន​ដាក់​បង្ហាញ​ម៉ូតូ​ស៊េរីថ្មីរបស់ខ្លួន​ជាច្រើនម៉ូឌែល ដែល​ជាប្រភេទចង្កឹះលេខ, អូតូ, DCT (Dual Clutch Transmission) និង​មានប្រភេទ​អគ្គិសនី​ផងដែរ។

ម៉ូតូ​ Honda ទាំងនោះ​មានដូចជា៖

-Honda Click 160: ប្រើម៉ាស៊ីនថ្មី eSP+ ចំណុះ ១៥៧សេសេ បំពាក់​ចង្កៀង​ LED ប្រព័ន្ធ​ហ្វ្រាំង ABS និង​ត្រូវបានឌីហ្សាញ​បែបស្ព័រ ផ្តល់នូវភាព​បត់បែន​ជាមួយតួគ្រោងថ្មី (lightweight eSAF)។ វាមកជាមួយសោ smart key បញ្ឆេះ​ម៉ូតូពីចម្ងាយ មានរន្ធ USB សម្រាប់​ដោតសាកថ្ម​ទូរសព្ទ និងឃ្លុបក្រោមកែបធំផ្ទុកឥវ៉ាន់បានច្រើន។

-Honda Dax125: ប្រើម៉ាស៊ីនចំណុះ ១២៥សេសេ ចង្កឹះលេខ៤វគ្គ អាចមូលកប់ដល់ល្បឿន ៨៨គីឡូម៉ែត្រ​/១ម៉ោង។ ធុងសាំង​វាផ្ទុកបានតែ ៣,៧លីត្រ ប៉ុន្តែ​ដោយ​សារវាប្រព័ន្ធប៊ិចសាំង PGM Fi គឺកម្រិតស៊ីសាំងតិចមែនទែន ដោយ ១០០គីឡូម៉ែត្រ ស៊ីតែ ១,៥លីត្រប៉ុណ្ណោះ។ វា​បំពាក់​ចង្កៀង LED កុងទ័រឌីជីថល LCD និង​ប្រព័ន្ធហ្វ្រាំង ABSទៀតផង។

-Honda ADV 350: ប្រើ​ម៉ាស៊ីន​ថ្មី eSP+​ ចំណុះ ៣៣០​សេសេ បំពាក់បច្ចេកវិទ្យាដូចជា ​ប្រព័ន្ធ​បញ្ជា​សំឡេង​តាម​ស្មាតហ្វូន ​ប្រព័ន្ធហ្វ្រាំង ABS មុខក្រោយ សោ Smart Key បញ្ឆេះ​ពីចម្ងាយ និង​ប្រព័ន្ធការពារ​ពីការលួច ចង្កៀង LED មាន​កញ្ចក់​បាំងខ្យល់ មាន​ដែក​សងខាងម៉ូតូ​សម្រាប់កាន់ កុងទ័រ​ឌីជីថល រន្ធសាកថ្មទូរសព្ទ USB ហើយ​អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺ​ឃ្លុបក្រោមកែប អាចផ្ទុកបានចំណុះ ៤៨លីត្រ ឬអាច​ដាក់​មួកសុវត្ថិភាព​បាន​ដល់២ឯណោះ។

-Honda Benly-e: ជាម៉ូតូ​អគ្គិសនីបំពាក់​អាគុយដែល​អាចដោះដូរឆ្លាស់គ្នាបាន សាកពេញជិះបាន ៨៧គីឡូម៉ែត្រ ដោយសាករយៈពេល ៣ម៉ោង។ វាអាចមូលកប់​ដល់ល្បឿន ៤៥គីឡូម៉ែត្រ​ក្នុង១ម៉ោង។

-Honda NT1100: ប្រើ​ម៉ាស៊ីន​ Parallel Twin ចំណុះ ១១០០សេស ជាមួយប្រអប់លេខ DCT ៦វគ្គ ដែល​ជាប្រអប់​លេខថ្មី មានម៉ូដបើកបរចំនួន ៣ គឺ MT ផ្តល់ឲ្យអ្នកជិះនូវការជ្រើសរើសលេខដោយខ្លួនឯង, D ជាម៉ូដអូតូ ល្អសម្រាប់ប្រើលើផ្លូវក្នុងក្រុង និងផ្លូវលាត ខណៈ S អាចឲ្យម៉ាស៊ីនស្ទុះខ្លាំងជាងមុន។ ធុងសាំងវាចំណុះ ២០,៤លីត្រ និងមានទម្ងន់២៣៨គីឡូក្រាម ហើយ​មានកម្ពស់កែប ៨២០មម។ វា​បំពាក់​អេក្រង់ TFT ទំហំ ៦,៥អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំង​មាន​ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិផងដែរ។

-Honda Goldwing special edition Black Edition: ប្រើម៉ាស៊ីនស៊ីឡាំង៦ ចំណុះ ១៨៣៣សេសេ ជាមួយប្រអប់​លេខ DCT ៧វគ្គ។ វាបំពាក់​បច្ចេកវិទ្យាទំនើបៗបំផុត ហើយមាន​ប្រព័ន្ធគ្រប់គ្រង​កម្លាំងរមួល HSTC និង​មាន​ម៉ូដបើកបរ (driving mode) ចំនួន ៤ផងដែរ៕

អត្ថបទ៖ សំភី