ម៉ូតូអគ្គិសនី Yamaha សាកពេញជិះបាន ៣៧គ.ម តែតម្លៃវិញដល់ជិត ៤ពាន់ដុល្លារ
- 2022-03-14 02:40:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនី Yamaha សាកពេញជិះបាន ៣៧គ.ម តែតម្លៃវិញដល់ជិត ៤ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha បានបញ្ចេញរូបភាពផ្លូវការនូវម៉ូតូអគ្គិសនីថ្មីរបស់ខ្លួនគឺម៉ូដែល Neo ដែលមានរូបរាងស្អាតប្លែក ស័ក្តិសមនឹងយុវវ័យ តែមានតម្លៃរាងថ្លៃបន្តិច ហើយអាគុយក៏មិនធំដែរ អាចធ្វើឱ្យអ្នកមានបំណងចង់ទិញ ត្រូវពិចារណាវែងឆ្ងាយបន្តិច។
ម៉ូតូនេះ បំពាក់ចង្កៀង LED ដោយចង្កៀងមុខស្ថិតនៅជាប់កាបាំង ឯភ្លើងស៊ីញ៉ូនៅជាប់ដៃចង្កូត។ ថ្វីត្បិតកុងទ័រវាមានទំហំតូចជាប្រភេទឌីជីថល ប៉ុន្តែអាចភ្ជាប់កម្មវិធីទូរសព្ទ Yamaha My Ride អាចឱ្យបើកបរមើលព័ត៌មានទាំងអស់ពីស្ថានភាពម៉ូតូ។ ឃ្លុបក្រោមកែបមានចំណុះ ២៧លីត្រ ដែលអាចផ្ទុកឥវ៉ាន់បានច្រើន។
ចំពោះអាគុយវិញ ជាប្រភេទលីចូម-អ៊ីយ៉ុង ដែលពេលសាកពេញម្តងអាចធ្វើដំណើរបានត្រឹមចម្ងាយ ៣៧គីឡូម៉ែត្រតែប៉ុណ្ណោះ។ យ៉ាងណាមិញ វាមានជម្រើសបន្ថែមអាគុយទី២ ដែលអាចបង្កើនចម្ងាយបន្ថែមដល់ ៦៨គីឡូម៉ែត្រ។ លើសពីនេះ អ្នកប្រើប្រាស់អាចដោះអាគុយយកសាកនៅផ្ទះបានទៀតផង ដោយចំណាយពេល ៨ម៉ោង ទើបសាកពេញ។
ម៉ូតូ Yamaha Neo មាន Mode សម្រាប់បើកបរចំនួន២ គឺ Standard និង Eco។ ចំពោះ Standard Mode អាចឱ្យម៉ូតូបើកបានដល់ល្បឿន ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ចំណែក Eco Mode អាចបើកដល់ល្បឿន ៣០គីឡូម៉ែត្រក្នុង១ម៉ោង។
Yamaha បានដាក់ម៉ូតូអគ្គិសនីនេះ ក្នុងតម្លៃប្រមាណ ៣៩៣៩ដុល្លារអាមេរិក៕