Honda និង Sony ត្រៀមធ្វើព្យុះធ្វើភ្លៀងក្នុងពិភពរថយន្តអគ្គិសនី
- 2022-03-07 03:45:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda និង Sony ត្រៀមធ្វើព្យុះធ្វើភ្លៀងក្នុងពិភពរថយន្តអគ្គិសនី
ចន្លោះមិនឃើញ
Honda បានចុះ MoU ជាមួយ Sony ដើម្បីបង្កើតក្រុមហ៊ុនថ្មីរួមគ្នាមួយ នៅឆ្នាំ២០២២នេះ ក្នុងការស្រាវជ្រាវអភិវឌ្ឍ ផលិត និងលក់រថយន្តអគ្គិសនី។ រថយន្តអគ្គិសនីដំបូង ត្រូវបានរំពឹងថា នឹងបញ្ចេញលក់នៅលើទីផ្សារត្រឹមឆ្នាំ២០២៥។
សម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ គឺនឹងប្រើប្រាស់សមត្ថភាពផលិតរថយន្តរបស់ Honda ដូចជាការផលិតតួខ្លួន ការឌីហ្សាញ និងការអភិវឌ្ឍគំរូផលិតកម្ម។ ចំណែក Sony នឹងប្រើជំនាញរបស់ខ្លួនចូលរួមដូចជា បច្ចេកវិទ្យារូបភាព, សេនស័រ, ទូរគមនាគមន៍, បណ្តាញ និងបច្ចេកវិទ្យាប្រព័ន្ធកម្សាន្ត។
គួរបញ្ជាក់ថា Sony បានប្រកាសបង្កើត Sony Mobility Inc ក្នុងឆ្នាំ២០២២នេះ ដែលមានគោលដៅចូលក្នុងទីផ្សាររថយន្តអគ្គិសនី និងស្រាវជ្រាវរកដៃគូ ពិសេសគឺបានរកឃើញថា Honda គឺជាដៃគូដ៏ល្អបំផុត។
ឯខាង Honda វិញ លើកឡើងថា ក្រុមហ៊ុនបង្កើតថ្មីរួមគ្នានឹងនាំមុខលើការច្នៃប្រឌិត បដិវត្តន៍ និងការពង្រីកយានយន្តនៅជុំវិញពិភពលោក។ ត្បិតថា Sony និង Honda មានភាពស្រដៀងគ្នាលើវប្បធម៌ និងប្រវត្តិសាស្រ្ត ប៉ុន្តែជំនាញបច្ចេកវិទ្យា គឺខុសគ្នាដាច់ ដូច្នេះកិច្ចសហការនេះ នឹងនាំមកភាពខ្លាំងសម្រាប់រថយន្តអនាគត។
គួររំលឹកថា កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Sony បានបង្ហាញចេញរថយន្តអគ្គិសនីមួយជាប្រភេទ SUV គឺម៉ូដែល Vision-S 02។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី២ រត់ប៉ុង២ ផលិតបានកម្លាំង ៥៣៦សេះ អាចជាន់កប់ដល់ល្បឿន ១៨០គីឡូម៉ែត្រក្នុង១ម៉ោង។
Sony បានដាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិលើរថយន្តរបស់ខ្លួន ដោយបានបំពាក់សេនស័រជុំវិញរថយន្តដូចជា high-sensitivity, high-resolution, wide dynamic range CMOS និងជាពិសេសបច្ចេកវិទ្យា LiDAR។ បច្ចុប្បន្ន Sony កំពុងធ្វើតេស្តនៅអឺរ៉ុប ដើម្បីត្រៀមចេញជាផ្លូវការនូវប្រព័ន្ធជំនួយអ្នកបើកបរ Level 2+ នៅលើផ្លូវសាធារណៈ៕