Suzuki ចេញឡានថ្មីរាងឡូយ តម្លៃជាង ៨ពាន់ដុល្លារ

  • 2022-02-25 02:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Suzuki បាន​ប្រកាស​ចេញ​រថយន្តថ្មី​របស់ខ្លួនគឺម៉ូដែល Baleno ស៊េរីឆ្នាំ​២០២២ ដែលមានរូបរាងស្អាតទាក់ទាញ ហើយបាន​កែប្រែនូវចំណុចជាច្រើន​ពីស៊េរីចាស់ ពិសេស​បំពាក់​បច្ចេកវិទ្យាទំនើបៗ។

ផ្នែកខាងមុខ ត្រូវបានកែរូបរាងថ្មី ដោយប៉ាណា​ធំជាងមុន រន្ធខ្យល់​នៅជាប់ជាមួយកាង ហើយ​ចង្កៀង​ដែល​ជាប្រភេទ LED ក៏ត្រូវបានឌីហ្សាញ​កាន់តែស្អាត។ ផ្នែក​ខាងក្រោយ ក៏បំពាក់​ចង្កៀង​ LED ថ្មី ឯកាងក៏កែបន្តិចដែរ។

មកមើលផ្នែកខាងក្នុង ក៏មានភាពស្រស់ស្អាត​ផងដែរ ដោយ​តាប្លូ​ត្រូវបានឌីហ្សាញថ្មី ដៃចង្កូត​មានប៊ូតុង​សម្រាប់ចុចបញ្ជា ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ៩អ៊ិញ ដែល​អាចភ្ជាប់ជាមួយ Suzuki SmartPlay Pro+ និងមានកាមេរ៉ា 360 ព្រមទាំងមានអេក្រង់ Head-up display ដែល​បង្ហាញ​ព័ត៌មាន​សំខាន់ដូចជា ល្បឿន និងការប្រើប្រាស់សាំង ពិសេស​បំពាក់​ប្រព័ន្ធសំឡេង Surround Sense។

រថយន្ត Suzuki Baleno នេះ មាន​ប្រវែង ៣៩៩០មម ទទឹង ១៧៤៥មម កម្ពស់ ១៥០០មម និង​ប្រវែងពីកង់មុខទៅកង់ក្រោយ ២៥២០មម។ វា​ប្រើម៉ាស៊ីន​សាំង K-Series Dual Jet ចំណុះ ១,២លីត្រ ផលិតបានកម្លាំង ៨៩សេះ និង​កម្លាំងរមួល ១១៣ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ ជាមួយនឹង​ប្រអប់លេខដៃ ឬលេខអូតូ ៥វគ្គ។

រថយន្ត​ប្រភេទ sub-compact Hatchback នេះ បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា ពោងសុវត្ថិភាព៦ ប្រព័ន្ធជំនួយ​ពេល​ឈប់​លើចំណោត ប្រព័ន្ធហ្វ្រាំង ABS និង EBD និង​ប្រព័ន្ធឱ្យ​ដំណឹង​ពេល​បើកល្បឿនខ្ពស់។

ក្រុមហ៊ុន Suzuki បាន​ដាក់​លក់​រថយន្ត​នេះ​ក្នុងប្រទេសឥណ្ឌា ដែល​មាន​តម្លៃចាប់ពីជាង ៨ពាន់ដុល្លារឡើងទៅ៕

អត្ថបទ៖ សំភី