ហេតុអ្វី​ឡាន​បច្ចុប្បន្ន​មិនថាថោក ឬថ្លៃ សុទ្ធតែ​មាន​ប្រព័ន្ធកម្សាន្ត​ Infotainment System?

  • 2022-02-24 03:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ជំនាន់មុនៗ បំពាក់​តែម៉ាញេ៉ធម្មតា​ដែល​អាច​ស្តាប់​វិទ្យុ ឬចាក់​ចម្រៀងកាសែតស៊ីឌីតែប៉ុណ្ណោះ ដូច្នេះ​អ្នកប្រើប្រាស់​រថយន្តទាំងនោះមិន​ទទួលបាន​អារម្មណ៍អ្វីថ្មី​ ក្នុងអំឡុងពេលបើកបរ​នោះទេ។ មកដល់បច្ចុប្បន្ន គេ​អាច​ដំឡើង​អេក្រង់ថាច់ ឬហៅថាម៉ាញេ Android ដែលមាន​មុខងារ​ដូចនឹង​ថេប្លេត​ និងទូរសព្ទដែរ នៅ​រថយន្តចាស់ៗ សម្រាប់​បម្រើអារម្មណ៍​។

យ៉ាងណាមិញ​ រថយន្ត​ដែល​ផលិត​ក្នុងសម័យនេះ​ គឺមិនបាន​ដាក់ម៉ាញេ​ធម្មតាមកទៀតនោះទេ ពោលគឺ​គេដាក់​ប្រព័ន្ធ​កម្សាន្ត Touchscreen (Infotainment System) មក​ជាមួយ​តែម្តង មិនថាតែរថយន្ត​នោះមានតម្លៃថោក ថ្លៃ ឬជាប្រភេទ​តូច ធំ sedan SUV ឬភីកអាប់នោះទេ ដោយគ្រាន់តែ​ខ្លះមាន​មុខងារ​ច្រើន ឬតិច​និងទំហំតូច ឬធំ ទៅតាម​តម្លៃ​រថយន្ត​នីមួយៗ។ នេះ​ក៏ដោយសារ​តែអ្នកផលិតបានដឹងច្បាស់​ ពីតម្រូវការ​របស់​អ្នកប្រើប្រាស់។

ចំពោះ​ប្រព័ន្ធ​នេះ ត្រូវបាន​ក្រុមហ៊ុនមួយ​ចំនួន​ដាក់ឈ្មោះផ្ទាល់ខ្លួន ដើម្បី​ឱ្យអតិថិជន​ងាយចំណាំនូវ Brand របស់ពួកគេ ក្នុងនោះ Audi បាន​ដាក់ឈ្មោះថា MMI (Multi Media Interface), Ford ដាក់ថា SYNC និង BMW ដាក់ថា iDrive។

ការ​បំពាក់​អេក្រង់​នេះ មិនធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវ​ចំណាយច្រើនណាស់ណាទេ ប៉ុន្តែ​វា​ជា​បរិបទថ្មី​នៃការ​ប្រកួតប្រជែង​លក់រថយន្ត ផ្តល់​ភាព​ងាយស្រួល​និងការកម្សាន្ត​ដល់​អ្នកបើកបរ និងអ្នកដំណើរ​ក្នុងរថយន្ត និង​ជួយលើកសម្រស់​សោភណ្ឌភាព​ផ្នែកខាងក្នុង​រថយន្ត​ផងដែរ។

ប្រព័ន្ធInfotainment System ជា​អេក្រង់មួយ​ដែលជាទូទៅ​ត្រូវបាន​បំពាក់​ចំកណ្តាល​ផ្ទៃតាប្លូរថយន្ត​ ដែលអាច​អ្នកបើកបរ ឬអ្នកដំណើរផ្សេងទៀត​ អាច​ចុចបញ្ជាវាបាន ចំពោះការ​ប្រើប្រាស់​មុខងារ​ផ្សេងៗ។ វាជាពាក្យកាត់មកពីពាក្យ Information និង Entertainment (ដំណឹង និងកម្សាន្ត)។

អេក្រង់នេះ ត្រូវបានគេដំឡើង​ទំហំ​កាន់តែធំ​លើរថយន្ត​ទំនើប​ដែល​ផលិតនាពេលបច្ចុប្បន្ន ដោយគ្រាន់តែ​ក្នុងរថយន្ត Ford Ranger បំពាក់​អេក្រង់​នេះដល់ទំហំ ១២អ៊ីញ​ទៅហើយ។ ជួនកាល​នៅលើរថយន្តខ្លះ គេ​បំពាក់​អេក្រង់ពីរតែម្តង ពោលគឺ​អេក្រង់​ចំកណ្តាលតាប្លូ តភ្ជាប់​ជាមួយ​អេក្រង់មួយទៀត​ដែល​នៅខាងក្រោយដៃចង្កូត ឬគេហៅ​ថា កុងទ័រឌីជីថល សម្រាប់​ប្រើប្រាស់​មុខងារ​ផ្សេងៗគ្នា។

មិនតែប៉ុណ្ណោះ អេក្រង់​ប្រព័ន្ធកម្សាន្ត​នេះ អាចប្រើប្រាស់បញ្ជា​មុខងារ​ក្នុងរថយន្ត ​និង​កម្មវិធី​មាន​ប្រយោជន៍ជាច្រើនដូចជា វិទ្យុ ផែនទី ចាក់ចម្រៀង វីដេអូ ភ្ជាប់ Bluetooth ជាមួយនឹង​ស្មាតហ្វូន និងអ៊ីនធើណេត​ដែលអាច​ប្រើប្រាស់​បណ្តាញសង្គម ហើយ​វា​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​អំពីស្ថានភាព​របស់​រថយន្ត​ផងដែរ ដូចជាកម្រិតនៃការប្រើប្រាស់សាំង និង​វាស់សម្ពាធខ្យល់កង់ជាដើម។ បច្ចុប្បន្ន គេអាច​ប្រើប្រាស់​អេក្រង់នេះ ជាមួយ Apple Car Play និង Android Auto ទៀតផង ដែល​យើងអាចបញ្ជា​ទូរសព្ទបាន​តាមរយៈអេក្រង់នេះ ដោយមិន​ខុសច្បាប់​បើកបរ។ វាកាន់តែសារៈសំខាន់​ទៀត​ គឺ​វា​បង្ហាញ​នូវ​ទិដ្ឋភាព​ខាងក្រោយរថយន្ត ពេល​អ្នកបើកបរដាក់លេខរ៉ឺយែរ R។

មុខងារ​ក្នុង​ប្រព័ន្ធ​កម្សាន្តនេះ នឹង​ត្រូវបង្កើន​ថែមទៀត​នាពេលអនាគត។ លើសពីនេះ វា​នឹង​អាច sync ប្រព័ន្ធ​ infotainment នេះ​ជាមួយ​នឹង​ឧបករណ៍​អេឡិច​ត្រូនិច (ស្មាតហ្វូន) ផ្សេងៗ​របស់​អ្នកទៀតផង៕

អត្ថបទ៖ សំភី