សម្រេចចិត្តទិញឡាន ប្រាកដណាស់គឺមើលបច្ចេកវិទ្យាទំនើប ប៉ុន្តែកុំភ្លេចចំណុចសាមញ្ញ ទាំង៥ នេះ

  • 2022-02-22 06:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិនថាឡានថ្មី ឬឡានមួយទឹក មុននឹងសម្រេចចិត្តទិញ គឺប្រាកដណាស់ត្រូវមើលគ្រប់ជ្រុងជ្រោយ មើលទាំងតម្រូវការបច្ចុប្បន្ន និងអនាគត។ ចំណុចមួយចំនួន ដែលមនុស្សភាគច្រើនតែងចាប់អារម្មណ៍លើនោះ គឺមានដូចជាម៉ាស៊ីន ប្រព័ន្ធវិលកង់ ប្រព័ន្ធសុវត្ថិភាពទំនើបជាដើម។ ទន្ទឹមនឹងនោះ ចំណុចមួយចំនួនតូចៗ ដែលធ្វើឲ្យការប្រើប្រាស់រថយន្តកាន់តែមានភាពងាយស្រួលនោះ បែរជាត្រូវបានគេមើលរំលងទៅវិញ។

តោះទៅដឹងចំណុចសំខាន់ទាំងនោះជាមួយគ្នា៖

១. កន្លែងសាកថ្មទូរសព្ទ

បច្ចុប្បន្ន ទូរសព្ទដើរតួរសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ ហើយពេលធ្វើដំណើរគឺជាពេលវេលាសាកថ្មទូរសព្ទដ៏ល្អ ព្រោះពេលបើកឡាន យើងក៏មិនអាចប្រើប្រាស់ទូរសព្ទបានដែរ។ ដូច្នេះហើយមុខងារសាកថ្មឥតខ្សែរ គឺជាមុខងារចាំបាច់មួយ ព្រោះថាយើងមិនចាំបាច់ខាតពេល ដោតខ្សែរញ៉េរញ៉ៃឡើយ ដោយគ្រាន់តែទុកទូរសព្ទលើកន្លែងសាកថ្ម នោះវានឹងសាកដោយស្វ័យប្រវត្តិ។ ទន្ទឹមនឹងនោះ ទោះបីមិនមានមុខងារសាកថ្មឥតខ្សែ ក៏គួរតែមានរន្ធសាកថ្មប្រើខ្សែផងដែរ។

២. កៅអីដែលអាចសេរេទម្រង់បានច្រើនបែប

បើកឡាន មិនដូចអង្គុយក្នុងការិយាល័យឡើយ ព្រោះអ្នកអាចផ្លាស់ប្តូរកៅអីបាន បើសិនជាអង្គុយមិនស្រួល ប៉ុន្តែនៅក្នុងរថយន្តវិញ បើទិញខុសហើយ គឺពិបាកប្តូរកៅអីណាស់។ មនុស្សយើងមានរូបរាង និងកំពស់មិនដូចគ្នាទេ ដូច្នេះហើយមុខងារសេរេកម្ពស់កៅអី និង Lumbar Support គឺសំខាន់ណាស់។ មុខងារ lumbar Support គឺអាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកបើកបរមានផាសុខភាព អាចបើកបរបានយូរមិនចុករោយខ្នង។ អ្នកអាចសួរទៅកាន់អ្នកលក់ថា តើកៅអីឡាននេះអាចកាច់បានប៉ុន្មានបែប បើកាច់បានកាន់តែច្រើបបែប មានន័យថា អ្នកកាន់តែមានភាពងាយស្រួលក្នុងការសេរកៅអីទៅតាមទម្រង់ខ្លួន និងការចូលចិត្តរបស់យើងបាន។

៣. ប៊ូតុងបញ្ជាពិតលើម៉ាញ៉េ និងម៉ាស៊ីនត្រជាក់

ស្តាប់ទៅរាងដូចបុរាណបន្តិចមែនអត់? ត្រូវហើយវារាងបុរាណ ប៉ុន្តែតាមជាក់ស្តែងការចុចប៊ូតុងគឺងាយស្រួលជាងការយកដៃទៅចុចបញ្ញាដោយផ្ទាល់លើអេក្រង់។ សាច់ដុំរបស់មនុស្សយើងមានការចងចាំ ដែលអាចឲ្យយើងចុច ឬបញ្ជាដោយមិនបាច់ងាកមើល ផ្ទុយពីប៊ុតុង Touch Screen ដែលត្រូវងាកភ្នែកទៅមើលគ្រប់ពេល។ ស្រមៃថាយើងកំពុងបើកបរ ហើយចង់បន្ថយម៉ាស៊ីនត្រជាក់ យើងគ្រាន់តែយកដៃទៅចុចជាការស្រេច ដោយមិនបាច់ងាកចេញពីផ្លូវ ដែលអាចបង្ករជាគ្រោះថ្នាក់បាន។

៤. ប្រព័ន្ធសំឡេង

ជឿថាមនុស្សគ្រប់គ្នាដែលបើកបរ គឺមិនសូវមានអ្នកទុកឲ្យបរិយាកាសក្នុងរថយន្តស្ងាត់ជ្រាបនោះទេ យ៉ាងអន់ក៏មានបើកវិទ្យុចោលដែរ។ មុខងារប្រព័ន្ធសំឡេងក៏ដើរតួរយ៉ាងសំខាន់ ក្នុងការជួយឲ្យអ្នកបើកបរកាន់តែមានអារម្មណ៍ល្អ ក្នុងការបើកបរ ប៉ុន្តែបើប្រព័ន្ធសំឡេងអន់នោះ បរិយាយកាសកាន់តែអាប់អ៊ួរទៅវិញទេ។ ដូច្នេះហើយ អ្នកគួរតែចាក់ចម្រៀងស្តាប់សាកសិន ថាតើរថយន្តនេះមានប្រព័ន្ធសំឡេងល្អឬទេ។ ប៉ុន្តែត្រង់ចំណុចនេះ អ្នកអាចមិនសូវយកចិត្តទុកដាក់បាន ព្រោះយើងអាចប្តូរ Speaker នៅពេលក្រោយក៏បាន។

៥. មុខងារ Apple Car Play និង Android Auto

តាមច្បាប់ចរាចរណ៍ អ្នកបើកបរគឺមិនអាចប្រើទូរសព្ទបានទេ លើកលែងតែមានឧបករណ៍ជំនួយ ដែលនេះជាពេលរបស់មុខងារ Apple Car Play និង Android Auto បង្ហាញភាពអស្ចារ្យ។ មុខងារនេះអាចបង្ហាញសារដំណឹងផ្សេងៗ ដែលមានក្នុងទូរសព្ទដៃរបស់យើង និងអាចទទួលទូរសព្ទបានដោយមិនខុសច្បាប់ចរាចរណ៍។ មុខងារនេះ ក៏អាចឲ្យយើងអាចចាក់ចម្រៀងពីក្នុងទូរសព្ទ និងប្រើប្រាស់ផែនទីនៅលើអេក្រង់ឡានផ្ទាល់៕

អត្ថបទ៖ Thea Sothun