​ម៉ូតូ​អគ្គិសនីថ្មី Vinfast សាកពេញ​ជិះបាន ១១០គ.ម បំពាក់​បច្ចេកវិទ្យា​មិនជ្រាបទឹក តម្លៃខ្ទង់ ២៤០០ដុល្លារ

  • 2022-02-22 02:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនវៀតណាម VinFast បាន​ប្រកាស​ចេញ​នូវម៉ូតូអគ្គិសនី​ថ្មីរបស់ខ្លួន ដែលអះអាងថា ​បាន​បំពាក់​បច្ចេកវិទ្យាដ៏ទំនើប​ និង​ឆ្លាតវៃបំផុត ផ្តល់បទពិសោធន៍​ដល់​អ្នកប្រើប្រាស់​ផ្សេងៗគ្នា។

ម៉ូតូថ្មីនោះ​គឺ​ជាម៉ូដែល​ Vento ប្រើអាគុយ​ប្រភេទលីចូមអ៊ីយ៉ុង​ជំនាន់ក្រោយបំផុត ដែល​សាកពេញ​ម្តង​អាច​ជិះបាន ១១០គីឡូម៉ែត្រ។ វា​ក៏អាច​មូលកប់​ដល់ល្បឿន ៨០គីឡូម៉ែត្រ​ក្នុង១ម៉ោងផងដែរ។

​ម៉ូតូ Vento បាន​បំពាក់​នូវប្រព័ន្ធ​ការពារ​ពីការ​លួច ប្រព័ន្ធគ្រប់គ្រងល្បឿន​ស្វ័យប្រវត្តិ GPS ប្រព័ន្ធឱ្យ​សញ្ញាពីបញ្ហា​ទូទៅរបស់ម៉ូតូ​តាមរយៈ​កម្មវិធី VF Escooter បំពាក់​ប្រព័ន្ធហ្វ្រាំង ABS ជាពិសេស​បំពាក់​បច្ចេកវិទ្យា​មិនជ្រាបទឹកកម្រិតខ្ពស់ IP67 និង​ការពារ​ធូលី ដើម្បី​រក្សា​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ។

កុងទ័រ​ម៉ូតូ​ជាប្រភេទ​ឌីជីថល​ មាន​ឡូហ្គូ VINFAST នៅផ្នែកខាងក្រោម ដោយ​វា​បង្ហាញ​ព័ត៌មាន​ដូចជា ចម្ងាយ ល្បឿន ម៉ោង សុខភាពអាគុយ និង​សញ្ញាសម្គាល់​មួយចំនួន​ទៀត។

ម៉ូតូនេះ​ត្រូវបាន​ដាក់​លក់​ក្នុងតម្លៃប្រមាណជាង ៥៦លានដុង ឬប្រមាណ​២៤០០ដុល្លារអាមេរិក (នេះមិនទាន់រាប់បញ្ចូលតម្លៃអាគុយនៅឡើយទេ) ជាមួយ​នឹង​ជម្រើសពណ៌ដូចជា ស ខ្មៅ ក្រហម លឿង ទឹកក្រូច និងខៀវ ជាដើម៕

អត្ថបទ៖ សំភី