ឡានវ៉ែន Toyota Voxy ចេញលក់​ហើយ តម្លៃ​ជាង ៣៨ ០០០ដុល្លារ

  • 2022-02-21 09:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​វ៉ែនថ្មី​របស់ Toyota គឺ​ម៉ូដែល Voxy ឆ្នាំ​២០២២ ត្រូវបាន​ដាក់លក់​ជាផ្លូវការ​ហើយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ប្រទេស​ជប៉ុន។

ដោយសារតែ​ឥណ្ឌូណេស៊ី​ជាទីផ្សារ​ដ៏ធំ​មួយ​សម្រាប់​ពពួកឡាន​វ៉ែន ដូច្នេះ​ទើបក្រុមហ៊ុន Toyota ប្រចាំ​ឥណ្ឌូណេស៊ី បាន​សម្រេច​នាំ​យកវា​ ប៉ុន្តែជ្រើសរើសយក​តែម៉ូដែលប្រើម៉ាស៊ីន 2.0 ផលិតបានកម្លាំង ១៦០សេះ ជាមួយនឹង​ប្រអប់លេខ CVT ប៉ុណ្ណោះ។

រថយន្ត​នេះ បំពាក់​ចង្កៀង​មុខ LED ដល់ទៅ២ ដោយ​ផ្នែក​ខាងមុខ​រំលេចស្ទើរតែទាំងអស់​ដោយប៉ាណា ហើយ​ចង្កៀង​ស្តុបក្រោយ​ជាប្រភេទ LED ដែល​លាតសន្ធឹង​ពីម្ខាងទៅម្ខាង។ ទ្វារខាងក្រោយ បិទបើកដោយគ្រាន់តែ​ប្រើជើង​គ្រវី ហើយ​វា​ក៏មាន​ក្តារ​ Welcab សម្រាប់​រុញ​កៅអី​ជនពិការ​ឡើង​ចុះ​រថយន្ត​ផងដែរ។

ផ្នែក​ខាងក្នុង​នៃរថយន្តទាំងពីរ គឺមាន​កៅអី៣ជួរ ឬស្មើនឹង៧កៅអី ដែល​អាចបត់បានដើម្បីដាក់​ឥវ៉ាន់ ឬ​សម្រាប់គេង​សណ្តូកជើង។ ដៃចង្កូត​មានប៊ូតុង​សម្រាប់​ចុចបញ្ជា កុងទ័រ​ឌីជីថល ៧អ៊ីញ ជាប្រភេទ TFT LCD មាន​អេក្រង់ Head-up display ហើយ​មាន​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៩អ៊ីញ និងអេក្រង់ ១១,៦អ៊ីញ សម្រាប់​អ្នក​ដំណើរខាងក្រោយ ពិសេស​មាន​រន្ធ​សម្រាប់​ដាក់កែវទឹក ត្រូវ​បាន​ឌីហ្សាញ​យ៉ាងស្រស់ស្អាតនៅផ្ទៃតាប្លូ។ វាក៏មានប្រព័ន្ធសំឡេង​ឮច្បាស់ខ្លាំង ដែល​ធ្វើឱ្យអ្នកដំណើរ​កាន់តែជក់ចិត្ត​។

រថយន្ត Voxy ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព Toyota Safety Sense 3.0 រួមមាន​ដូចជា ប្រព័ន្ធឱ្យ​ដំណឹង​មុនពេល​ប៉ះទង្គិចគ្នា, ប្រព័ន្ធជួយឱ្យ​រថយន្ត​រក្សា​ក្នុងគន្លង, ប្រព័ន្ធគ្រប់គ្រង​ល្បឿន​ស្វ័យ​ប្រវត្តិ​ធៀប​នឹង​រថយន្ត​ខាងមុខ, ប្រព័ន្ធភ្លើង​ហ្វាស្វ័យប្រវត្តិ និង​ប្រព័ន្ធឱ្យសញ្ញាពេលមាន​រថយន្ត​ខាងក្រោយចង់វ៉ាជែង។

រថយន្ត​វ៉ែននេះ ត្រូវបាន​ដាក់​លក់​ក្នុងប្រទេស​ឥណ្ឌូណេស៊ី តម្លៃ ៥៥៨,២លានរ៉ូព្យា ឬប្រហែល​ជាង ៣៨ ០០០ដុល្លារអាមេរិក៕

អត្ថបទ៖ សំភី